(ភ្នំពេញ)៖ លោកបណ្ឌិត ឡី សុភាព នាយកវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា និងជានាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិន បានដាស់តឿនដល់ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ គប្បីចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច នាពេលឆាប់ៗខាងមុខ ដែលជាវគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់មួយ សម្រាប់មូលដ្ឋានអាជីវកម្មផ្ទាល់ ក៏ដូចជាវិស័យទេសចរណ៍ជាតិទាំងមូល។

លោកនាយកវិទ្យាស្ថានបានបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតវគ្គបណ្ដុះបណ្ដាលនេះឡើង គឺដើម្បីពង្រឹងសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច និងអនាម័យចំណីអាហារជូនភ្ញៀវទេសចរ ស្របនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល កំពុងខិតខំពង្រឹងយ៉ាងយកចិត្តទុកដាក់។

ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីទេសចរណ៍ ​និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅសណ្ឋាគារហាយស្កាយ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែឧសភានេះ លោកបណ្ឌិត ឡី សុភាព បានបញ្ជាក់ថា កម្ពុជានៅខ្លះធនធានមនុស្សក្នុងវិស័យទេសចរណ៍ច្រើននៅឡើយ ដូច្នេះហើយបានជាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខិតខំពង្រីកការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យបានច្រើន។ ជាមួយគ្នានេះ វិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ដែលជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏បានប្ដេជ្ញាចូលរួមខិតខំជំរុញការបណ្ដុះបណ្ដាលនេះឲ្យបានកាន់តែច្រើន។

លោកបានបន្តថា ការចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលនេះ មិនមានការបង់ថវិកាឡើយ ដែលនេះជាឆន្ទៈដ៏មោះមុតរបស់លោកបណ្ឌិត ឡី សុភាព ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ពីព្រោះលោកយល់ថា ធនធានមនុស្ស គឺជាកត្តាចាំបាច់បំផុត ពិសេសក្នុងវិស័យទេសចរណ៍តែម្ដង។

ការបណ្ដុះបណ្ដាលផ្ដោតលើចំណុចពិសេសៗចាំបាច់បំផុតមួយចំនួន មានការបណ្ដុះបណ្ដាលផ្នែកបម្រើសេវាម្ហូបអាហារ និងភេសជ្ជៈ ការទទួលបដិសណ្ឋារកិច្ចជាមួយភ្ញៀវ និងការបណ្ដុះបណ្ដាលលើបញ្ហាអនាម័យចំណីអាហារ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ពិសេសក៏មានបង្រៀន និងមានឧបករណ៍ញែកសារធាតុគីមីពីបន្លែផ្លែឈើផងដែរ។

លោក នោ សិរីរត្ន ប្រធានការិយាល័យឧស្សាហកម្ម នៃមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវមានបុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ យ៉ាងណាស់ឲ្យបាន ៣០%។

លោក ឡី សុភាព បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំឲ្យមានប្រភេទអាហារហាល់ឡាល់ សម្រាប់សាសនិកឥស្លាម ឬទេសចរមូស្លីមដែលមកទស្សនាកម្ពុជា ហើយវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា នឹងត្រៀមខ្លួនធ្វើការបណ្ដុះបណ្ដាលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបានយល់ច្បាស់ និងអនុវត្តឲ្យបានត្រឹមត្រូវ។

ម្ចាស់អាជីវកម្មទេសចរណ៍មួយចំនួន ក៏បានបញ្ជាក់ដែរថា បើគិតពីសមត្ថភាពអ្នកបម្រើសេវាកម្មទេសចរណ៍ គឺនៅមានកម្រិតទាបពិតមែន ដែលត្រូវការបណ្តុះបណ្តាលបន្ថែម។ ពួកគាត់ថា ការបម្រើសេវកម្មកន្លងមក គឺពឹងផ្អែកលើចំណេះដឹងតៗគ្នា និងតាមបទពិសោធន៍មិនច្បាស់លាស់ប៉ុណ្ណោះ។

ចំពោះទីតាំងទំនាក់ទំនងចុះឈ្មោះចូលរៀន វគ្គបណ្ដុះបណ្ដាលសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចខាងលើនេះ ម្ចាស់អាជីវកម្មទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ អាចទំនាក់ទំនាក់បាននៅការិយាល័យសិក្សា នៃវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា៕