(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ​ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានប្រតិកម្មដោយចាត់ទុកការរិះគន់ ការបង្កើតគណបក្សថ្មី​ ពីសំណាក់លោក សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជានោះ​ថា ជាទង្វើមិនបានស៊ីខ្លួនង ចង់ឲ្យគេអត់ស៊ីជាមួយខ្លួនដែរ។

ការប្រតិកម្មរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី​ នៅថ្ងៃទី២៨ ខែមេសាកន្លងទៅនេះបានលើកឡើង​ថា គណបក្ស​តូចៗ​ដទៃ​ទៀត​ដែល​មក​ចូល​រួម​ការ​បោះឆ្នោត​ដោយ​ឆ្លៀត​ឱកាស​ មិន​មាន​វត្ត​មាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​មក​លម្អ​ឆាក​ល្ខោនតែប៉ុណ្ណោះ។

​សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ​ក៏បាន​ប្រតិកម្មបន្ថែមថា​ តើឆ្កួតអីបានជាក្រុមគណ​បក្ស ដែលរំលាយរកតែឆ្អឹងគ្មានបន្ដិចណាសោះ តែងតែចោទបក្សថ្មីទាំងនោះ ជាអាយ៉ងបក្សកាន់អំណាច។

នៅក្នុងពិធី​ចែកអញ្ជើញប្រគល់ «វិញ្ញាបនបត្រនិងសញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធាន មនុស្ស នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «​អាភូតវានៅតែពូកែភូត អាអ្នកតាមមេភូតលូវតាមដឹងវាអត់ទាំងការងារធ្វើទៀត, ខ្លះគេបង្កើត បក្សទៅជេរថា គេបង្កើតបក្សដើម្បីបំបែកបំបាក់ ចុះសិទ្ធិរបស់ឯងមាន សិទ្ធិរបស់គេមាន [...] រឿងគួរឲ្យអនិច្ចារនៅត្រង់ថា ខ្លួនឯងមិនបានធ្វើ ខ្លួនឯងមិនបានស៊ី ចង់ឲ្យគេអត់ទាំងអស់គ្នា»។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បុគ្គលណាចូលរួម ឬ​មិនចូលរួមក្នុងការបោះឆ្នោតជាសិទ្ធិរបស់ពួកគេ តែដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅតែ ដំណើរការ ហើយប្រជាធិបតេយ្យនៅកម្ពុជា មិនត្រូវបានរាំងខ្ទប់ដោយបុគ្គល ឬក្រុមណាមួយនោះទេ ហើយប្រព័ន្ធប្រជាធិបតេយ្យសិរីពហុបក្ស នៅតែបន្ដ។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសការពារនូវសុវត្ថិភាពសម្រាប់ការបោះឆ្នោត ហើយក្នុងឋានៈជាបក្សប្រជាជនកម្ពុជា គោរពគ្រប់នីតិវិធីរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ សម្តេចតេជោ បានបញ្ជាក់ជាចុងក្រោយថា ការបោះឆ្នោតមិនមានពន្យារនោះទេ បើចង់ពន្យារត្រូវទៅកែច្បាប់ កែរដ្ឋធម្មនុញ្ញ។ គ.ជ.ប គ្មានសិទ្ធិពន្យារការបោះឆ្នោតឡើយ៕