(សិង្ហបុរី)៖ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី មេដឹកនាំប្រទេសអាស៊ានទាំង១០ បានប្រកាសស្វាគមន៍ចំពោះជំនួបទ្វេភាគី នៃបងប្អូនកូរ៉េទាំង២ ដែលបានជួបពិភាក្សាគ្នា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ថាជាសញ្ញាវិជ្ជមានដ៏ល្អ សម្រាប់តំបន់ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ថា ក្រៅពីស្វាគមន៍ចំពោះជំនួបបងប្អូនកូរ៉េទាំង២ហើយ ប្រមុខដឹកនាំកំពូលអាស៊ានក៏បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសចិន និងគម្រោងជំនួបទ្វេភាគី រវាងប្រធានាធិបតីសហ​រដ្ឋអាមេរិក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាពេលអនាគតផងដែរ។

មេដឹកនាំអាស៊ាន ចាត់ទុកថា ជំនួប និងគម្រោងខាងលើកនេះ គឺជាកិច្ចខិតខំប្រឹងប្រែង របស់កូរ៉េខាងត្បូង និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្ថយភាពតានតឹង និងធ្វើការឆ្ពោះទៅរកដំណោះស្រាយប្រកប ដោយសន្តិវិធីនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ។

សម្តេចតេជោនាយរដ្ឋមន្ត្រីបានសរសេរក្នុង Facebook របស់សម្តេចថា «មេដឹក​នាំអាស៊ាន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសចិន ពិសេសជំនួបទ្វេភាគីនៃបងប្អូនកូរ៉េ ទាំងពីរកាលពីម្សិលមិញ ដែលនាំដល់សញ្ញាវិជ្ជមានដ៏ល្អ សម្រាប់តំបន់ និងអន្តរជាតិ និងការប្រកាសគម្រោងជំនួបទ្វេភាគី រវាងប្រធានាធិបតីសហ​រដ្ឋអាមេរិក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាពេលអនាគត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់កូរ៉េខាងត្បូង និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្ថយភាពតានតឹង និងធ្វើការឆ្ពោះទៅរកដំណោះស្រាយប្រកប ដោយសន្តិវិធី នៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ»

គួរបញ្ជាក់ថា កាលពី​ថ្ងៃម្សិលមិញនេះ គឺជាទិវាប្រវត្តិសាស្ត្រ​គួរជាទីចងចាំសម្រាប់​កូរ៉េ​ទាំងពីរ ក៏ដូចជា​អន្តរជាតិ ដោយសារ​តែគ្រប់គ្នា​បានមើលឃើញ​បងប្អូនកូរ៉េទាំងពីរ​ ព្រមបន្ទន់​ឥរិយាបថ និងអង្គុយចុះ​ចរចាគ្នា​ប្រកបដោយ​ភាពកក់ក្តៅបំផុត មិនធ្លាប់មាន​រយៈពេល ១១ឆ្នាំមក​ហើយ។ នៅក្នុងនោះ​សេចក្តីថ្លែងការណ៍រួម​ ក៏ត្រូវបានសម្រេច​ចេញផងដែរ ដោយសុទ្ធសឹងតែ​ជា​ភាព​វិជ្ជមាន​ ដែលគ្រប់គ្នា​ចង់ឃើញ។

សម្រាប់ចំណុចសំខាន់ៗ​ដែលគួរឲ្យកត់​សម្គាល់ នៃសេចក្តីថ្លែងការណ៍រួម​កាលពីល្ងាចថ្ងៃ​សុក្រម្សិលមិញ​ នៅក្នុងដំណើរ​ទស្សនកិច្ច​លោក គីម ជុងអ៊ុន នៅកូរ៉េខាងត្បូងនោះ គឺមានដូចជា កិច្ចព្រមព្រៀង​សន្តិភាពជាអចិន្ត្រៃយ៍មួយ ត្រូវតែសម្រេច​ឲ្យបាននៅក្នុង​ឆ្នាំ២០១៨នេះ, កូរ៉េខាងជើង​ព្រមលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង, លោក មូន ជែអ៊ីន នឹងទៅបំពេញ​ទស្សនកិច្ចនៅ​កូរ៉េខាងជើងវិញ, ការរៀបជំនួប​រវាងក្រុមគ្រួសារ​​ដែលបែកបាក់​ដោយសារតែ​សង្គ្រាម​ឡើងវិញ និងការសន្យា​បើកកិច្ចពិភាក្សា​ដូចខាងលើនេះ​ ឲ្យបាន​ញឹកញាប់​ជាដើម៕