(កំពង់ឆ្នាំង)៖ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គ្មានស្ពានឆ្លងទេ ហើយប្រជាជនមានការពិបាកណាស់ ក្នុងការបើកឡានទៅលេងផ្ទះសម្បែង ពេលបុណ្យទានម្តងៗ ឫធ្វើដំណើរកាត់ស្រុកកំពង់លែង។ ផ្លូវពីខេត្តកំពង់ធំ មកខេត្តកំពង់ឆ្នាំង ដែលឆ្លងកាត់តាមស្រុកកំពង់លែង បានធ្វើរួចហើយ ប្រការនេះធ្វើឲ្យប្រជាជនដែលនៅខេត្តសៀមរាប និងខេត្តកំពង់ធំ ពេលចង់មកភ្នំពេញ អាចមិនចាំបាច់ធ្វើដំណើរ តាមផ្លូវជាតិលេខ៦ទៀតទេ ព្រោះបើធ្វើដំណើរកាត់តាមស្រុកកំពង់លែង មានចម្ងាយជិតជាង ហើយចំណេញពេលវេលាច្រើនជាងមុន។

ប៉ុន្តែតម្លៃជិះសាឡាងចំពោះមនុស្សម្នាក់ត្រឹម១០០០រៀល ហើយម៉ូតូ២០០០រៀល តែប្លែកតែឡានតូចមួយតម្លៃដល់ទៅ៤០.០០០រៀល ហើយឡានខ្លះទៀត ដែលមានទំហំធំតម្លៃកាន់តែថ្លៃ។ តម្លៃនេះ បានធ្វើឲ្យប្រជាជននៅស្រុកនោះ មិនសប្បាយចិត្តជាខ្លាំង និងបានស្នើឲ្យលោកទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ជួយសម្រួលតម្លៃឡានដាក់សាឡាង កំពង់ឆ្នាំង-កំពង់លែង ពី៤ម៉ឺនរៀលមកត្រឹម ២០.០០០ទៅ៣០.០០០រៀលបានហើយ។

ពលរដ្ឋម្នាក់ឈ្មោះ ភក្តី បានឲ្យដឹងថា តម្លៃមនុស្សល្អណាស់ត្រឹម១០០០រៀល តែបើតម្លៃរថយន្តត្រឹម២០.០០០ ទៅ៣០.០០០រៀល គឺសមស្របហើយ។ លោកបន្តថា «រឿងដែលចង់ធ្វើបំផុត គឺចង់ពាំនាំទុក្ខលំបាករបស់អ្នកកំពង់លែង ទៅជម្រាបរដ្ឋមន្ត្រីក្រសួងសាធារណការថា ថ្លៃឡានតូចមួយ តម្លៃ៤០.០០០រៀលថ្លៃពេកហើយ។ លោកបានបញ្ជាក់ទៀតថា «សួរថា បើថ្លៃឡានមួយ៤០.០០០រៀល បែបហ្នឹងអ្នកណាចង់ឆ្លងកាត់កំពង់លែង? ខ្ញុំជាប្រជាជននៅទីនេះ ចង់បានស្ពានមួយ ឬបើមិនទាន់មានលុយធ្វើ ចង់បានថ្លៃឡានមួយត្រឹមតែ ២០.០០០រៀល ទៅ៣០.០០០រៀល ប៉ុណ្ណឹងតើបានទេ? ខ្ញុំចង់ជម្រាប ទុក្ខលំបាកនេះទៅជម្រាបលោករដ្ឋមន្ត្រីដោយផ្ទាល់តែម្តង ព្រោះនេះជាអ្វីដែលខ្ញុំត្រូវការ»

ពលរដ្ឋម្នាក់ទៀតឈ្មោះ វុទ្ធី បានឲ្យដឹងថា ថ្លៃឆ្លងសាឡានៅតែខ្ពស់គឺ១០ដុល្លារ ឬ ៤០.០០០រៀលចំពោះរថយន្តធន់តូចមួយគ្រឿងក្នុងមួយជើង។ លោកបានបន្តថា បើសរុបទាំងទៅទាំងមក ( ពីរជើង ) គឺម្ចាស់រថយន្តត្រូវចំណាយ២០ដុល្លារ ឬ៨០.០០០រៀល។ លោកបានសំណូមពរថា «ខ្ញុំសូមសំណូមពរឲ្យបញ្ចុះតម្លៃឡានត្រឹម ២០.០០០រៀល ព្រោះតម្លៃរាល់ថ្ងៃហ្នឹងថ្លៃពេក អ្នកខ្លះចងទៅមើលទៅដើរកំសាន្តភ្នំនាងកង្រី ទៅលេងភ្នំដាអី ឮតែតម្លៃឡាន បាត់ចងទៅលេងតែម្តង»

ពលរដ្ឋម្នាក់ទៀត គឺកញ្ញា ហ៊ាង បានឲ្យដឹងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាល បានស្ថាបនាផ្លូវថ្មីមួយខ្សែ ចេញពីស្រុកកំពង់លែងឆ្ពោះទៅកាន់ខេត្តកំពង់ធំ គេកត់សម្គាល់ឃើញមានរថយន្តឆ្លងកាត់ តាមផ្លូវនេះជាច្រើនគ្រឿងក្នុងថ្ងៃៗ។ កញ្ញាបានសំណូមពរថា «អ្វីដែលខ្ញុំចង់បាន ហើយសំណូមពរខ្លាំងបំផុតដល់រដ្ឋមន្ត្រីនោះគឺ ទី១៖ ចង់ឲ្យមានសាទ្បាង ឆ្លងគ្រប់ម៉ោងមិនថាពេលយប់ និងពេលថ្ងៃ ហើយរឿងទី២៖ គឺចង់ឲ្យ មានការបញ្ចុះតម្លៃលើរថយន្ត បើធ្វើបាន ដូចនេះស្រុកយើងប្រហែលជាងាយស្រួលរកស៊ី ហើយដំណាំផ្សេងៗទៀត ក៏ប្រហែលជាមានតម្លៃថ្លៃជាងនេះ ព្រោះតម្លៃដាក់សាឡាងកាន់តែទទួលយកបាន»

ដោយឡែក មន្ត្រីអាជ្ញាធរស្រុកកំពង់លែង និងមន្ត្រីជំនាញ ព្រមទាំងតំណាងក្រុមហ៊ុន ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មទុកដរទទឹងកំពង់លែង-កំពង់ឆ្នាំង បានជួបប្រជុំគ្នាជាបន្ទាន់មួយ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅ បន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ទៅលើតម្លៃសាឡាងនោះ។

រដ្ឋបាលស្រុកកំពង់លែង ក៏បានចេញសេចក្តីបញ្ជាក់ព័ត៌មានមួយ ដោយបានឲ្យដឹងថា ការយកថ្លៃចម្លងរថយន្តពីដរទទឹងពីក្រុងកំពង់ឆ្នាំងទៅកាន់ស្រុកកំពង់លែង គឺមិនបានយកលើសពីតម្លៃនៅក្នុងសៀវភៅបន្ទុកដែលរដ្ឋបានកំណត់នោះទេ។ ចំពោះសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើរសុំបញ្ចុះតម្លៃចម្លងរថយន្តពីដរទទឹងពីដទទឹងក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង អាជ្ញាធរស្រុកនិងអង្គភាពពាក់ព័ន្ធមិនមែនមិនបានគិតគូរនោះដែរ។

សេចក្តីបញ្ជាក់ដដែលបានឲ្យដឹងបន្ថែមថា បច្ចុប្បន្នរដ្ឋបាលបាន និងកំពុងពិនិត្យលើនីតិវិធីច្បាប់ហិរញ្ញវត្ថុ ហើយឆ្លងយោបល់ទៅថ្នាក់លើ ដើម្បីសុំបញ្ចុះ និងកំណត់តម្លៃសមស្របណាមួយ ដែលជាផលប្រយោជន៍សម្រាប់ភាគីម្ចាស់ដរ និងប្រជាពលរដ្ឋអាចទទួលយកបានទាំងអស់គ្នា។

ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅស្រុកកំពង់លែង នៅតែមិនមានសង្ឃឹមចំពោះចំណាក់ការរបស់រដ្ឋបាលស្រុកកំពង់លែងនេះទេ។ ពួកគាត់យល់ថា បើសិនជារដ្ឋបាលអាចធ្វើបាន មិនមែនទាល់តែមានការរិះគន់យ៉ាងយូរហើយ ទើបមានការប្រជុំបន្ទាន់នោះទេ ហើយប្រជាពលរដ្ឋនៅតែមិនទាន់បានទទូលដំណឹងអ្វីទាល់តែសោះបន្ទាប់ពីចំណាត់ការនេះ ទើបពួកគាត់សម្រេចចិត្ត ស្នើសុំឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួយអន្តរាគមន៍ផ្ទាល់តែម្តង។

សូមជម្រាបថា កាលពីមុនដរទទឹងត្រូវបើកផ្លូវវាងតាមកោះមានចម្ងាយឆ្ងាយ និងត្រូវប្រើពេលយូរ ដែលគេយល់ថាអាចមកពីសាឡាងចំណាយប្រេងច្រើន តែដំណាក់កាលចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាធារណៈការបានជីកព្រែក និងស្តារដីយកជម្រៅជ្រៅកាត់ទទឹងកោះចំនួនពីរ ដើម្បីឲ្យសាឡាងដឹកអ្នកដំណើរបានលឿនឆាប់រហ័ស និងងាយស្រួលទៀត ដោយគ្រាន់តែចំណាយពេលប្រមាណជាង១៥នាទីឆ្លងផុតហើយ តែតម្លៃឡានដាក់សាឡាងនៅតែថ្លៃដដែល៕