(ភ្នំពេញ)៖ ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា លោក William (Bill) ​Jesse Longhurst បានអះអាងថា ​​ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអង់គ្លេស រហូតមកដល់ពេលនេះ នៅតែបន្ដកើនឡើងរហូត​ លើស១,០០០លានដុល្លារ​។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកឯកអគ្គរាជទូត ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសស្ថានទូត​ប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម​គម្រប់ ៩២​ព្រះវស្សា ព្រះមហាក្សត្រីយានី អេលីហ្សាបេត្ស ទី២។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី លី ធុជ ​អនុប្រធានទី១ អាជ្ញាធរមីន និងមន្ដ្រីជាន់ខ្ពស់ជួររាជរដ្ឋាភិបាល ព្រមទាំងតំណាងទូតប្រចាំនៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។

តាមរយៈអ្នកបកប្រែ លោកឯកអគ្គរាជទូត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «​បើយើងជជែកទាក់ទងអំពីពាណិជ្ជកម្មទ្វេរភាគីរវាង​អង់គេ្លស និងកម្ពុជា មានលើសពី១,០០០លានដុល្លារហើយ បើគិតដល់បច្ចុប្បន្ននេះ ​ដែលក្នុងនោះភាគីច្រើន គឺការនាំចេញរបស់កម្ពុជា លើផលិតផលវាយនភ័ណ្ឌ ទៅកាន់ទីផ្សារអង់គ្លេស»។

បើតាមលោក William (Bill) ​Jesse Longhurst បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗរបស់អង់គ្លេស បានបន្ដមកបណ្ដាក់ទុននៅកម្ពុជា ខណៈដែល​រដ្ឋាភិបាលអង់គ្លេស កំពុងខិតខំជំរុញបន្ថែមទៀតលើការងារពាណិជ្ជកម្មមួយនេះ។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលនឹងបញ្ចប់អាណត្តិរបស់ខ្លួនក្នុងរយៈពេល២ខែទៀតនេះ បានគូសបញ្ជាក់ថា ការដែលវិនិយោគិនរបស់អង់គ្លេស បន្ដមកបណ្ដាក់ទុននៅកម្ពុជា ក៏ដោយសារមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ​បន្ដកើនឡើងនៅតែខ្លាំង ដែល​សេដ្ឋកិច្ចបែបនេះ ​កំពុងតែទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ហើយកម្ពុជាក៏មានកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។​

សូមរំលឹកថា នៅក្នុងឆ្នាំ២០១៦ ទំហំនៃការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស គឺនៅក្នុងរង្វង់ប្រមាណ ៨០០​លានដុល្លារអាមេរិក ដែលនៅក្នុងទំហំទឹកប្រាក់​នេះ កម្ពុជាបាននាំចេញនូវផលិតផលប្រភេទកសិកម្ម និងវាយនភ័ណ្ឌទៅកាន់ចក្រភពអង់គ្លេស នូវទឹកប្រាក់ប្រមាណ ៧៦៧​លានដុល្លារ និងបាននាំចូលមកវិញនូវផលិតផលអេឡិកត្រូនិក និងមុខទំនិញផ្សេងទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ​៣៥​លានដុល្លារ៕