(ភ្នំពេញ)៖ កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការទៀតហើយ ដោយចាប់បានឡានសេរីទំនើបៗ ចំនួន១២គ្រឿងអត់ពន្ធ នៅថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០១៨ នៅតាមគោលដៅ និងទីតាំង​ខុសៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ការចុះចាប់នេះដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុល បង្ហាញពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំង​អាវុធហត្ថលើផ្ទៃ​ប្រទេស និងកម្លាំងនគរបាលនាយកដ្ឋានតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ។

មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗដែលចាប់បាន រួមមាន៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ចាប់បានរថយន្តម៉ាក អូឌី ២គ្រឿង នៅខណ្ឌទួលគោក និងជាប់របងផ្សារបឹងកេងកង និងរថយន្តម៉ាក Lexus ១គ្រឿងទៀត ចាប់បាននៅក្បែរផ្សារទួលទំពួង ខណ្ឌចំការមន។ ចំណែកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ចាប់បានរថយន្តទំនើបៗ បានចំនួន៣គ្រឿង នៅផ្លូវជាតិលេខ៦A ស្ពានអាកាសផ្សារដីហ៊ុយ។ រីឯនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ចាប់បាន៦គ្រឿង នៅផ្លូវត្រសក់ផ្អែម, នៅខណ្ឌទួលគោក, នៅវត្តកោះ, នៅជិតផ្សារដីហ៊ុយជាដើម។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃដដែលនេះ មន្រ្តីគយចល័ត បានបញ្ជាក់ឲ្យដឹងថា ការចុះចាប់​​រថយន្ត​​ទំនើបៗ​អត់ពន្ធ គឺធ្វើឡើងដោយមានឯកសារ បញ្ជាក់ច្បាស់លាស់ទៅតាមនីតិវិធីច្បាប់ និងត្រឹមត្រូវគ្រប់លក្ខខណ្ឌទាំងអស់ មិនមែនធ្វើដោយគ្មានភាពច្បាស់លាស់នោះឡើយ។ ជាក់ស្តែងក្នុងករណីចាប់​​រថយន្ត​​ទំនើបៗ​ អត់ពន្ធខាងលើនេះ មានម្ចាស់រថយន្តម្នាក់ បានទទួលកំហុស និងបានទទួលខុសត្រូវ ដោយសុំយកថវិកាដែលត្រូវបង់ពិន័យ យកទៅបង់ជូនរដ្ឋនៅអគ្គនាយកដ្ឋានគយ ដោយផ្ទាល់ផងដែរ។

យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើប នៅតែមានចំនួនដ៏ច្រើនដដែល។ មន្រ្តីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឲ្យចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយមានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។ ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធកម្លាំងគយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕