(ភ្នំពេញ)៖ គណៈប្រតិភូក្រុមហ៊ុនផលិតកង់របស់អាមេរិក និងចិនតៃប៉ិ ដែលបានបណ្តាក់ទុននៅកម្ពុជា មានបំណងពង្រីកការវិនិយោគលើគ្រឿងបង្គុំផ្សេងៗ សម្រាប់ដំឡើងកង់ដែលមានលក្ខណៈពេញលេញ ជាផលិតផលសុទ្ធ១០០ភាគរយ របស់កម្ពុជា (Made in Cambodia) ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សា រវាងលោក Robert Margevicius តំណាងក្រុមហ៊ុនផលិតកង់អាមេរិក និងចិនតៃប៉ិ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

បើតាមលោក Robert Margevicius កម្ពុជាបានក្លាយជាប្រទេសតម្លើង និងផលិតនាំចេញកង់ធំបំផុត លំដាប់ទី២ នៅលើពិភពលោក ដែលមានចំណែកទីផ្សារនៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អាស៊ាន និងប្រទេសអាស៊ីផ្សេងទៀត ក៏ប៉ុន្តែកម្ពុជាពុំមានរោងចក្រផលិតគ្រឿងបង្គុំកង់នៅឡើយ គឺត្រូវនាំចូលពីប្រទេសផ្សេងៗ។ លោក Robert Margevicius បានស្នើសុំក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងនេះ ដើម្បីក្រុមហ៊ុនទាំងអស់ អាចចូលរួមធ្វើពិពិធកម្មវិស័យការងារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ ហើយបានណែនាំដល់មន្ត្រីជំនាញធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីឲ្យគម្រោងនេះដំណើរការទៅដោយរលូន។

លោករដ្ឋមន្ត្រី បានបង្ហាញគណៈប្រតិភូ អំពីព័ត៌មានសំខាន់ៗទាក់ទិននឹងឱកាសវិនិយោគនៅកម្ពុជា និងផលិតផលអទិភាពមួយចំនួនដែលក្រសួង កំពុងជំរុញការនាំចេញមានដូចជា សម្លៀកបំពាក់ ស្បែកជើង អង្ករ ដំឡូងមី ពោត ម្រេច សូត្រប្រណិត និងផលិតផលឧស្សាហកម្មដូចជា គ្រឿងបន្លាស់រថយន្ត ម៉ូទ័រ និងម្ហូបអាហារកែច្នៃ។

បើតាមរបាយការណ៍ពីសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញឲ្យដឹងថា កាលពីឆ្នាំ ២០១៧ កម្ពុជាបានផលិត និងតម្លើងកង់នាំចេញទៅកាន់ទីផ្សារពិភពលោកចំនួន ១,៨២៤,៨៩៥គ្រឿង (មួយលានប្រាំបីសែនពីរម៉ឺនបួនពាន់ប្រាំបីរយកៅសិបប្រាំ) គិតជាទឹកប្រាក់ស្មើរនឹង ៣៦១លានដុល្លារអាមេរិក គឺបានកើនឡើង ២៩% បើធៀបនឹងឆ្នាំ២០១៦។ តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ជិតព្រំប្រទល់ព្រំដែនកម្ពុជា និងវៀតណាម គឺជាទីតាំងផលិត និងតម្លើងកង់ធំបំផុតរបស់កម្ពុជា៕