(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហាញទស្សនរួមគ្នាមួយថា ការរៀបចំកម្មវិធីប្រកួតជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ រៀងរាល់ឆ្នាំមកនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងចិន។

ទស្សនរួមគ្នានេះ ត្រូវបានលើកឡើងក្នុងឱកាសស្ថាប័នទាំងពីររៀបចំការប្រកួតផ្តាច់ព្រ័ត្រ «អ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០១៨» នារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ជ័រ វិនស៊ីង ទីប្រឹក្សាផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់សិស្ស និស្សិត និងសាធារណជនប្រមាណ ១៥០នាក់។

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ការប្រកួតផ្តាច់ព្រ័ត្រអ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០១៨ នាពេលនេះ មានបេក្ខជន-បេក្ខនារីចូលរួមចំនួន ១២នាក់ ដែលបេក្ខជន-បេក្ខនារីទាំង១២នាក់នេះ គឺបានជ្រើសរើសចេញពីការប្រឡងវគ្គជម្រុះមកពីតំបន់ឆ្នេរ តំបន់សៀមរាប និងតំបន់ភ្នំពេញ ព្រមទាំងតំបន់ជុំវិញ។

ការប្រឡងអ្នកនិយាយភាសាចិនឆ្នើមក្នុងវិស័យទេសចរណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ជាពិសេសចូលរួមលើកកម្ពស់ការប្រើប្រាស់ និងអភិវឌ្ឍជំនាញភាសាចិន ក្នុងការទាក់ទាញសេវាកម្មដល់ភ្ញៀវទេសចរចិន និងចូលរួមលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងសាធារណជនឲ្យជ្រើសរើសការប្រើប្រាស់ និងបង្កើនសមត្ថភាពផ្នែកភាសាចិន ដើម្បីត្រៀមទទួល និងទំនាក់ទំនងភ្ញៀវទេសចរចិន ដែលបាននិងកំពុងមានកំណើនមកកាន់កម្ពុជាឥតឈប់ឈរ និងលើកទឹកចិត្តដល់សិស្ស និស្សិត និងយុវជនកម្ពុជាឲ្យចាប់យកជំនាញវិជ្ជាជីវៈទេសចរណ៍ និងរៀនភាសាចិនសម្រាប់ទទួលទេសចរចិន ឲ្យស្របតាមនិន្នាការនៃកំណើនទេសចរពិភពលោកបច្ចុប្បន្ន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-ចិន។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា បេក្ខជន-បេក្ខនារីដែលទទួលបានជ័យលាភី និងទទួលបានរង្វាន់ ដូចខាងក្រោម៖
* ជ័យលាភីឆ្នើមលេខ១ ទទួលបានកុំព្យូរទ័រយួរដៃ ១គ្រឿង ទូរស័ព្ទម៉ាក Huwai Mate10 ១គ្រឿង និងទូរទស្សន៍ ១គ្រឿង។
* ជ័យលាភីឆ្នើមលេខ២ ទទួលបានទូរស័ព្ទម៉ាក Huwai Mate10 ១គ្រឿង និងទូរទស្សន៍ ១គ្រឿង។
* ជ័យលាភីឆ្នើមលេខ៣ ទទួលបានទូរទឹកកកម៉ាក Panasonic ១គ្រឿង និងកង្ហារ ១គ្រឿង។
* ជ័យលាភីឆ្នើមលេខ៤-១០ ទទួលបានម៉ាស៊ីនចម្អិនសាច់ចំនួន ១គ្រឿង និងកង្ហារ ១គ្រឿង។
* ជ័យលាភីឆ្នើមលេខ១១-១២ ទទួលបានកង្ហារចំនួន ១គ្រឿង៕