(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,០៤០គ្រឿង រកឃើញល្មើសច្បាប់ ៥៩៤គ្រឿង (ម៉ូតូ៧៣ភាគរយ) អប់រំ២៤៩គ្រឿង និងផាកពិន័យ ៣៤៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន២,៧២៦គ្រឿង អប់រំ ១៤៦គ្រឿង និងផាកពិន័យចំនួន២៥៤គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត ៦២៩គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧១,៧២៥គ្រឿង រកឃើញយានយន្តល្មើស ១០,៦៥៩(ម៉ូតូ៦៧ភាគរយ) ក្នុងនោះអប់រំ ៤,៦៨២គ្រឿង និងផាកពិន័យ ៥,៩៧៧គ្រឿង៕