(រតនគិរី)៖ យុវសិស្សរស់នៅក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានចេញមុខប្រឆាំងមិនឱ្យ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ធ្វើនយោបាយតទៅទៀតទេ ដោយសារតែទណ្ឌិតរូបនេះ ហ៊ានលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចម៉ុងតាញ៉ា។

ការប្រតិកម្មយុវសិស្សខេត្តរតនគិរី បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំងទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

យុវសិស្ស គឹម តុង រស់នៅក្រុងបានលុង ខេត្តរតនគិរី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងនាមយុវជនម្នាក់ ក៏ដូចជាយុវជនដទៃទៀតដែរ គឺមិនសប្បាយចិត្តទេ នៅពេលដែលលឺថា អ្នកនយោបាយខ្មែរកាត់ទឹកដីកម្ពុជាយកទៅឱ្យជនជាតិដទៃ។

យុវសិស្សរូបនេះ បានបញ្ជាក់ថា តាមការរៀនសូត្ររបស់ខ្លួន ជនជាតិម៉ុងតាញ៉ានេះ មិនមែនជាជនជាតិភាគតិចនៅកម្ពុជាទេ គឺមានប្រភពនៅប្រទេសវៀតណាម។

ជុំវិញបញ្ហានេះ យុវសិស្សខាងលើ បានស្នើឱ្យតុលាការកាត់ទោស ទណ្ឌិត សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរបំផុត ព្រោះការកាត់ទឹកដីខ្មែរ ទៅឱ្យជនជាតិដទៃ មិនមែនជារឿងតូចនោះទេ ដោយសារតែទឹកដីនេះ បុព្វបុរសខ្មែរខិតខំថែរក្សារហូតមក។

សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕