(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួល ដល់មាតាបិតាសិស្ស និងអាណាព្យាបាលក្នុងការបង់ថ្លៃសិក្សារបស់កូន, NTC Group ដែលមាន សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន និងសាលាញូវតុនធីឡាយ ដែលជា​សាលា​ស្តង់ដា​ថ្នាក់ជាតិ និង​សាលាស្តង់ដាថ្នាក់អន្តរជាតិ មានសាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក និង​សាលា​អន្តរជាតិអ៊ិសវ៉េស ព្រមទាំងមជ្ឈមណ្ឌល​បណ្តុះ បណ្តាល ​អ៊ិន ធី ស៊ី ដែលផ្តល់ការ​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​គ្រូបង្រៀន ជាភាសាអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការសហការអាជីវកម្ម លើសេវាកម្មថ្លៃសិក្សា ជាមួយក្រុមហ៊ុនផ្ទេរប្រាក់ True money។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការសហការអាជីវកម្មលើសេវាកម្មថ្លៃសិក្សា រវាង NTC Group និងក្រុមហ៊ុនផ្ទេរប្រាក់ True money ធ្វើឡើង​នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីលោក គង់ មាន អគ្គនាយកក្រុមហ៊ុន True money លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក​នៃសាលា NTC Group រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

លោកឧកញ៉ា ជា ធីឡាយ បានឲ្យដឹងថា សេវាកម្ម​បង់ប្រាក់នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​សម្រប​សម្រួល​ទៅ ដល់អាណាព្យាបាលសិស្សទាំងអស់ ​ក្នុង​ការ​ទូទាត់​បង់ថ្លៃសិក្សាដោយ​ឥតគិត​ថ្លៃសេវា តាម​រយៈ​ភ្នាក់ងារ​ True money ប្រមាណ​៥ពាន់​កន្លែង នៅ​ទូទាំង​២៥​ខេត្ត-រាជធានី​ក្នុងកម្ពុជា​ ដែល​នេះ​គឺជា​ការ​ផ្តល់​ជូន​ជម្រើសដ៍​ពិសេស​ថ្មី​មួយ​ ​ដល់​អាណាព្យាបាល​របស់​ស្ថាប័នអប់រំ NTC Group ដែល​ភាគ​ច្រើន​មាន​ការ​មមាញឹក​នឹង​អាជីវកម្ម ហើយ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់ ​ក្នុង​ការ​មក​បង់​ប្រាក់​ដោយ​ផ្ទាល់ ព្រោះ​មាន​លំនៅដ្ឋាន​នៅ​ឆ្ងាយ​ពី​ការិយាល័យសាលា​ ឬ​មាន​ធុរៈ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​មិន​អាច​ធ្វើការ​បង់​ប្រាក់​បាន។

លោកឧកញ៉ាបានបន្ដទៀតថា «ខ្ញុំ​ជឿ​ជាក់ និង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា សេវា​បង់​ថ្លៃសិក្សានេះ​នឹង​ផ្តល់អត្ថប្រយោជន៍​​​ និង​ជា​ជម្រើស​ដ៏​ត្រឹមត្រូវដល់ អាណាព្យាបាលសិស្សទាំងអស់ក្នុង​ការ​ទូ​ទាត់ បង់ថ្លៃសិក្សា​ ដោយ​ឥតគិតថ្លៃសេវា ហើយថែមទាំងមាន ដំណើរ​ការ​ងាយ​ស្រួល ចំណេញ​ពេល​វេលា ថវិកា និងសុវត្ថិភាព ដែល​ពួក​គាត់​អាច​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​ភ្នាក់ងារ​របស់ True money ​ទោះ​បី​ជា​ថ្ងៃឈប់​សម្រាក​ក៏ដោយ»។

លោក គង់ មាន អគ្គនាយកក្រុមហ៊ុន True money បានថ្លែងឲ្យដឹងថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​ True money ​មាន​ភ្នាក់ងារ​ប្រមាណ​ជា៦ពាន់ និង​ អតិថិជនសរុបជាង​​១លាននាក់ នៅទូ​ទាំង​២៥​ខេត្ត/ក្រុង​ ក្នុងប្រទេសកម្ពុជា​ ហើយ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ពង្រីក​ភ្នាក់ងារ​ឱ្យ​កាន់​តែ​ច្រើន​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ True money ក៏​ដូច​ជា​អតិថិជន​របស់​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន True money​ ផង​ដែរ។

លោកបានបញ្ជាក់ទៀតថា «សម្រាប់ថ្ងៃនេះផងដែរក្រុមហ៊ុន True money បានកំពុងចុះហត្ថលេខា ​ក្នុង​ការ​ក្លាយ​ជា​ដៃគូ​សហការ​ជាមួយ​ស្ថាប័នអប់រំ NTC Group ដែលជាស្ថាប័នអប់រំ​ដ៏​ល្បី​មួយ ក្នុង​ប្រទេស​កម្ពុជា ហើយ​អ្វីដែលសំខាន់ក្នុងការសហការរវាងក្រុមហ៊ុនទាំងពីរនេះ គឺដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល ចំណេញពេលវេលា និង ជួយកាត់បន្ថយចំនាយយ៉ាងច្រើន ដល់មាតាបិតាសិស្ស ឬ អាណាព្យាបាលសិស្ស នៃ​ស្ថាប័នអប់រំ NTC Group ទាំង​អស់ដោយអាច​​បង់ថ្លៃសិក្សា ដោយឥតគិតថ្លៃ តាម​រយៈ​ភ្នាក់ងារ​របស់True money»​៕