(ព្រះវិហារ)៖ ទើបតែចេញពីពន្ធនាគារមិនបានប៉ុន្មានខែផង បន្ទាប់ពីជាប់ឃុំឃាំង នៅពន្ធនាគារអស់២ឆ្នាំ នៅខេត្តព្រះសីហនុ នៅថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលក្រុងព្រះវិហារ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ចាប់វាយខ្នោះបន្ទាប់ពីធ្វើសកម្មភាពលួចគាស់ផ្ទះពលរដ្ឋ យកម៉ូតូបានមួយគ្រឿងរត់គេចមិនបានមួយចំណិនកំពិស ស្ថិតនៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ រួចជិះគេចខ្លួនមកខេត្តកំពង់ធំ។

លោក ​ឆៅ វុទ្ធា អធិការក្រុងព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News ឱ្យដឹងថា ដោយផ្អែកតាមពាក្សបណ្តឹងរបស់ជនរងគ្រោះ ដែលបាននិយាយរៀបរាប់ថាមុនពេលកើតនៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ មានករណីចោរគាស់ផ្ទះរបស់គាត់លួចយកម៉ូតូមួយ​គ្រឿងបានសម្រេច។

លោក ​ឆៅ វុទ្ធា បានបន្តថា បន្ទាប់ពីទទួលបានពាក្ស​បណ្តឹងភ្លាមសមត្ថកិច្ចរបស់​លោកបានសហការណ៍​ជាមួយអធិការនគរបាល​គ្រប់ស្រុក ក្នុងខេត្តព្រះវិហារ បានចុះធ្វើការស្រាវជ្រាវ​តាមចាប់ តែ​មិនបាន​ប្រទះ​ភិនភាគ ម៉ូតូដែលចោរគា​ស់យក​ទៅនោះទេ ទើបសន្និដ្ឋានថាជនសង្ស័យអាចនឹងជិះទៅខេត្តកំពង់ធំ​ ហើយក៏បានសុំគោលការណ៍ពន្លាតដី​សហការ​ជាមួយនគរ​បាល​អធិការ​ស្រុកសណ្តា​ន់​ ធ្វើការឃាត់ខ្លួនបានជនសង្ស័យរូបនេះបាននៅថងៃទី២៥ ខែមេសានេះ រួមទាំងម៉ូតូមួយគ្រឿងហើយបញ្ជូនមកខេត្តព្រះវិហារវិញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ក្នុងករណីចោរកម្មខ្លួនមានឈ្មោះ សែន ណាវី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ វត្ថុតាងដកហូតបានម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលកសាងសំណុំរឿង​បញ្ជូនទៅតុលាកា​រដើម្បីផ្តន្ទាទោសតាម​នីតិវិធីច្បាប់៕