(សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានគណៈកម្មាធិការសម្របសម្រួល មូលនិធិសកល​បានថ្លែង​​ថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស៧​ នៅក្នុងពិភពលោករួមមាន បុតស្វាណា ដាណឺម៉ាក អ៊ីស្លង់ សិង្ហបុរី ស៊ុយអ៊ែត និងអង់គ្លេស ដែលបានជោគជ័យជាងគេ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក្នុងនោះ​លោកក៏បានគូសបញ្ជាក់​ អំពីជោគជ័យនៅក្នុងការរក្សាសន្តិភាព ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងសុខុមាលភាពសង្គម និងជាពិសេសជោគជ័យក្នុងការ ប្រយុទ្ធនឹងជំងឺអេដស៍ ដែលកម្ពុជាធ្វើឲ្យសម្រេចបាន ផងដែរ។​

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានគណៈកម្មាធិការសម្របសម្រួល មូលនិធិសកល​ ក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព បើក​កិច្ចប្រជុំលើកទី២ នៃយន្តការសម្របសម្រួល មូលនិធិសកលសម្រាប់មណ្ឌល តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច នៅសណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប នាព្រឹកថ្ងៃ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងរដ្ឋបាលខេត្តសៀមរាប ប្រតិភូយន្តការ សម្របសម្រួលមូលនិធិសកល មកពីប្រទេសនានា​ចំនួន១៥​​។ ក្នុងនោះ មន្រ្តីពីមូលនិធិសកល និងអង្គការសុខភាពពិភពលោក ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះ​ដែរ។

បន្ទាប់ពីចំណាប់អារម្មណ៍ ស្វាគមន៍របស់លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបរួចមក លោកទេសរដ្ឋមន្រ្តីបានថ្លែង បើកកិច្ចប្រជុំ ដោយគូសបញ្ជាក់ អំពីជោគជ័យនៅក្នុងការរក្សាសន្តិភាព ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងសុខុមាលភាពសង្គម និងជាពិសេសជោគជ័យក្នុងការ ប្រយុទ្ធនឹងជំងឺអេដស៍ ដែលកម្ពុជាធ្វើឲ្យសម្រេចបាន។ លោកថ្លែងបន្តថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស៧ ​នៅក្នុងពិភពលោករួមមាន បុតស្វាណា ដាណឺម៉ាក អ៊ីស្លង់ សិង្ហបុរី ស៊ុយអ៊ែត និងអង់គ្លេស ដែលបានជោគជ័យជាងគេ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ប្រទេសទាំង៧នេះ ត្រូវបានអង្គការ យូអិនអេដស៍ ទទួលស្គាល់ថា បានសម្រេចរួចហើយគោល ដៅ៩០-៩០-៩០។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតទាប នៅក្នុងដំណាក់កាល កាត់បន្ថយជំនួយបានធ្វើឲ្យកម្ពុជា មានការលំបាកក្នុងការលុបបំបាត់ជំងឺទាំងនោះ។ នៅពេលមូលនិធិអន្តរ​ជាតិ បានបន្តធ្លាក់ចុះ រាជរដ្ឋាភិបាលកម្ពុជា បានចូលមកទទួលខុសត្រូវជំនួស។ រយៈពេល៣ឆ្នាំ កន្លងទៅ រាជរដ្ឋាភិបាលបានរួម ចំណែកថវិកាចំនួន៤លានដុល្លារក្នុងមួយឆ្នាំៗ និងចោះក្រវិល ថវិកាប្រមាណ៥លាន​ដុល្លារ ជាថវិកាបដិភាគ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ទៅក្នុងកម្មវិធីមូលនិធិសកល ដើម្បីទិញឱសថប្រឆាំងមេរោគអេដស៍ ជួលមន្រ្តីជាប់កិច្ចសន្យា និងផ្តល់ថវិកាទ្រទ្រង់ កម្មវិធីនៅថ្នាក់ក្រោមជាតិ។

យ៉ាងណាមិញ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង៣សំខាន់ៗដូចតទៅ​៖

១៖ ​ធ្វើជាវេទិកាដើម្បីពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងចែករំលែកព័ត៌មាន​ទាំងឡាយ ដែលអាចឱ្យការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកមណ្ឌលតំណាង ក្នុងក្រុមប្រឹក្សាភិបាល របស់មូលនិធិសកល ប្រកបដោយការយល់ដឹង និងមានសារៈសំខាន់។
២៖​ ស្វែងរកចំណុច​ដែលមានបញ្ហា និងការឆ្លើយតបបានទូលំទូលាយ ដែលអាចដាក់ជូនសម័យប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាភិបាល របស់មូលនិធិសកល។
៣៖ ​ពង្រឹងសហគមន៍មណ្ឌលតំណាងតំបន់ ដោយគោរពតាមនីតិវិធី ឬបទបញ្ជាដែលបានព្រមព្រៀងគ្នា ​រាប់ទាំងការប្រជុំសមាជិក ជាមួយដៃគូដោយទៀងទាត់ តាមរបៀបដែល​អាចធ្វើបាន និងកែលម្អជានិច្ច។
ជាមួយគ្នានោះ កិច្ចប្រជុំក៏នឹងអនុម័ត សមាសភាពថ្នាក់ដឹកនាំថ្មី នៃមណ្ឌលតំណាងតំបន់អាស៊ី​ប៉ាស៊ីហ្វិកផងដែរ។

សូមបញ្ជាក់ថា ប្រទេសទាំង១៥ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន​ ១)កម្ពុជា, ២)កោះឃុក, ៣)ហ្វ៊ីជី, ៤)មីក្រូណេស៊ី, ៥)គិរីបាទី, ៦)ឡាវ, ៧)ម៉ាឡេស៊ី, ៨)ណូរូ, ៩)ប៉ាពូអាស៊ីនូវែលហ្គីណេ, ១០)ហ្វីលីពីន, ១១)សាម័រ, ១២)សិង្ហបុរី, ១៣)កោះសូឡូម៉ុង, ១៤)វ៉ានូទូ និង១៥) វៀតណាម៕​