(ភ្នំពេញ)៖ ករណីបណ្ដឹងចោទប្រកាន់ លោក ប៉ិច តុងហេង ថៅកែសំណង់ខុនដូដ៏ធំមួយ មានទីតាំងនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដកកាំភ្លើងវាយក្បាលអ្នករើសអេតចាយម្នាក់ បណ្ដាលឲ្យបែកដេរអស់ជាច្រើនថ្នេរ ដោយសារតែចោទថា អ្នករើសអេតចាយរូបនេះ ហ៊ានមើលមុខខ្លួននោះ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ គេមិនបានឃើញលោកចូលខ្លួន ទៅកាន់ប៉ុស្ដិ៍នគរបាល តាមការកោះហៅនោះឡើយ ខណៈនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីនេះ លោកបានបញ្ជាឲ្យធ្វើការស្រាវជ្រាវហើយ បើរកឃើញការពិត នឹងមានវិធានការតាមច្បាប់។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សាំង តុលា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ៤១៣ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលប្ដឹងចូលទៅប៉ុស្ដិ៍នគរបាល បឹងកេងកង៣ ខណ្ឌចំគារមន បានប្ដឹងពីឈ្មោះ ប៉ិច តុងហេង ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅអាផាតាមិន(PTH) លេខ២២D ផ្លូវលេខ៣៦៨ ក្រុម៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមនពីបទប្រើហិង្សាដោយចេតនាដោយយកកាំភ្លើងខ្លីវាយបណ្ដាលឲ្យបែក រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះទិញអេតចាយលេខ១៥ ផ្លូវ៣៦៨ សង្កាត់បឹងកេងកង៣។

ពាក់ព័ន្ធករណីជនបង្កដកកាំភ្លើងវាយក្បាលខាងលើនេះ ត្រូវបានជនរងគ្រោះរៀបរាប់ឲ្យដឹងថា នៅមុនកើតហេតុ ខណៈខ្លួនយកអេតចាយទៅលក់ឲ្យគេ និងជួយរៀបចំអេតចាយ ដាក់លើឡាន ស្រាប់តែមានរថយន្តស៊េរីទំនើបពណ៌ក្រហមមួយគ្រឿងម៉ាក(ឆេរ៉ូឡែត) ពាក់ស្លាកលេខ 2AP-8989 បើកមកឈប់នៅមុខកន្លែងទិញ លក់អេតចាយ ហើយឃើញឈ្មោះ ប៉ិច តុងហេង ចុះមកសួរអ្នកទិញអេតចាយថា មិចបានមើលមុខរបស់គេ? ហើយអ្នកទិញអេតចាយឈ្មោះ ដាង កុងតុង ក៏ឆ្លើយថា ខ្លួនមិនបានមើលមុខគាត់នោះទេ ស្រាប់តែឈ្មោះ ប៉ិច តុងហេង ដកកាំភ្លើងពីចង្កេះវាយទៅលើអ្នកទិញអេតចាយ តែគេចផុត ស្របពេលខ្លួនចុះពីលើឡានរៀបចំអេតចាយមកដីវិញ ក៏ត្រូវឈ្មោះ ប៉ិច តុងហេង ចាប់ក្របួចកអាវជាប់ហើយយកកាំភ្លើង វាយមកលើក្បាលរបស់ខ្លួនបណ្ដាលឲ្យបែកហូឈាមជោគខ្លួន ហើយរូបគេក៏ឡើងរថយន្តបើកចេញបាត់ទៅ។

តាមប្រភព័ត៌មានពីសាក្សីបានបង្ហើបឲ្យដឹងថា ករណីនេះ គឺផ្ដើមចេញពីការកកស្ទះចរាចរណ៍ នៅកន្លែងកើតហេតុដោយសារតែរថយន្តដឹកអេតចាយឈប់លើក ដាក់អេតចាយ ហើយស្របពេលភាគីបង្កបើករថយន្តមកដល់ស្ទះចរាចរណ៍ ក៏ចុចស៊ីផ្លេឮខ្លាំងៗ ធ្វើឲ្យគេនាំគ្នាក្រលេកមើលអ្នកបើកបរ ក៏ត្រូវអ្នកបើករថយន្តចុះមករក រឿងតែម្ដង ដោយចោទថាមើលមុខ និងជេរខ្លួន ខណៈភាគីរងគ្រោះថា មិនបានជេរ និងមិនបានមើលមុខនោះទេ។

ក្រោយត្រូវភាគីម្ចាស់រថយន្តទំនើបវាយបែកក្បាលដេរអស់ជាច្រើនថ្នេរ ភាគីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងទាមទារសំណង១០០០០ដុល្លារ និងរកខុសត្រូវតាមច្បាប់។ ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងឈ្មោះ ប៉ិច តុងហេង ដើម្បីសុំការបំភ្លឺបានឡើយ ព្រោះមិនមានលេខទូរស័ព្ឌសំរាប់ទាក់ទង តែតាមការអះអាងពីមន្ត្រីនគរបាលប៉ុស្ដិ៍បឹងកេងកងទី៣ បានឲ្យដឹងថាក្រោយជនរងគ្រោះដាក់ពាក្យបណ្ដឹង នគរបាលប៉ុស្ដិ៍បានចេញលិខិតកោះហៅឈ្មោះ ប៉ិច តុងហេង ឲ្យចូលខ្លួនមកបំភ្លឺនៅវេលាម៉ោង២រសៀលថ្ងៃទី២៥ មេសា នេះ តែឈ្មោះនេះមិនបានចូលខ្លួនមកតាមការកោះហៅឡើយ ដោយឲ្យមេធាវីរបស់គេមកដែលមិនអាចសួរនាំបាន ក៏ត្រឡប់ទៅវិញបាត់ទៅ។

នៅព្រឹកមិញនេះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ករណីខាងលើ លោកបានឲ្យលោក សុង លី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវហើយ បើរកឃើញការពិតដូចការចោទប្រកាន់មែន លោកនឹងចាត់ការតាមច្បាប់មិនឲ្យរួចខ្លួនឡើយ។

តាមរយៈកាម៉េរាសុវត្ថិភាពដែលថតបានសកម្មភាព នៅកន្លែងកើតហេតុ គេមើលឃើញថា ម្ចាស់រថយន្តពណ៌ក្រហមដែលមានស្លាកលេខខាងលើពិតជាបានដកកាំភ្លើងទៅគំរាម និងវាយទៅលើជនរងគ្រោះពិតប្រាកដមែន។ សាធារណជនដែលមើលឃើញសកម្មភាពល្មើសច្បាប់ខាងលើ បានស្នើសុំឲ្យសមត្ថកិច្ចជួយមានវិធានការអនុវត្តិច្បាប់ កុំបន្តអោយមាននិទន្ទភាព អ្នកមានលុយប្រព្រឹត្តល្មើស រួចខ្លួនតទៅទៀត ព្រោះវាជាគំរូអាក្រក់នៅក្នុងសង្គម ខណៈរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំក៏បានខិតខំលប់បំបាត់ដើម្បី អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពផងដែរ៕