(ភ្នំពេញ)៖ ខណៈកំលាំងពលកម្មនៅក្នុងប្រទេសកម្ពុជា នៅមានតម្លៃទាបជាងបណ្ដាប្រទេសមួយចំនួន និងស្របពេលដែលធនធានជំនាញក៏អាចប្រកួតប្រជែង ជាមួយបណ្ដាប្រទេសនោះ បានធ្វើឲ្យវិនិយោគិនមកពីអឺរ៉ុប កាណាដា ក៏ដូចជាសហរដ្ឋអាមេរិក បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន លើការវិនិយោគរោងចក្រដំឡើងទោចក្រយាន (កង់) នៅក្នុងប្រទេសកម្ពុជា ។

ថ្លែងនៅក្នុងជំនួបមួយរវាងវិនិយោគិនចំរុះ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោករដ្ឋមន្ត្រីបានថ្លែងថា ទីផ្សារកង់នៅក្រៅប្រទេសកំពុង មានការពេញនិយមជាខ្លាំង និងមានតម្លៃខ្ពស់ផងដែរ គឺជាប្រភេទកង់ជិះឡើងភ្នំ និងកង់ជិះសម្រាប់ហាត់ប្រាណ។ សម្រាប់កង់ដែលកម្ពុជាបានផលិតនាំចេញ ក៏មានការទទួលស្គាល់ពីទីផ្សារអន្តរជាតិផងដែរ ទាំងការដំឡើង និងផ្សាភ្ជាប់គ្នាក៏ដោយ។ ដូចនេះហើយទើបវិនិយោគិនមកពីបណ្ដាប្រទេស ដែលមានទីផ្សារកង់ទាំងនោះ បានមកកម្ពុជា និងស្វែងរកការវិនិយោគដំឡើងកង់នេះតែម្ដង។

លោកបន្ថែមថា ដោយសារតែកំលាំងពលកម្មនៅអាមេរិក កាណាដា ហុងកុងជាដើម មានតម្លៃខ្ពស់ ដូចនេះវិនិយោគិនប្រទេសទាំងនោះ ត្រូវងាកទៅរកប្រទេសណា ដែលមានកម្លាំងពលកម្មទាបជាង ហើយកម្ពុជា គឺជាគោលដៅមួយរបស់ពួកគេ ព្រោះទាំងជំនាញ ធនធាន និងតម្លៃពលកម្ម ក៏ជាចំណាប់អារម្មណ៍របស់ពួកគេដែរ។

លោកនិយាយថា « វិនិយោគិនទាំងនោះ មានជាច្រើនប្រភេទ ដោយអ្នកខ្លះចាប់អារម្មណ៍លើការផលិតលីបកង់ អ្នកខ្លះផលិតតួកង់ ច្រវ៉ាក់កង់ជាដើម រួចហើយយកគ្រឿងបង្គុំទាំងនោះ ទៅដំឡើងជាកង់សម្រាប់នាំចេញ ទៅកាន់ប្រទេសណាដែលមានតម្រូវការ »

រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែមថា បើសិនជាការវិនិយោគនេះ បានសម្រេចនោះ ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋាន អាចនឹងទទួលបានផលប្រយោជន៍ជាច្រើនពីវា ដូចជាការងារផ្ទាល់នៅក្នុងរោងចក្រ និង អ្នកប្រកបរបរផ្សេងៗទៀតនៅក្បែងៗរោងចក្រ ជាពិសេសកម្ពុជា ក៏មានផលិតផលជាច្រើនសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

លោកថា «តាមរយៈការពិភាក្សាជាមួយយើង ឃើញថាពួកគាត់បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំង ហើយសន្យានឹងបណ្ដាក់ទុនវិនិយោគវិស័យកង់នៅកម្ពុជា ដោយនឹងបញ្ជូនអ្នកជំនាញរបស់ គេមកសិក្សាជាបន្តបន្ទាប់ទៀត។ ដោយឡែកសម្រាប់ការងារសាងសង់រោងចក្រ ក៏ត្រូវការពេលវេលាបន្តិចដែរ ដើម្បីលេចចេញជារូបរាង ក៏ប៉ុន្តែយើងជឿថានៅចុងឆ្នាំនេះ រោងចក្រដំឡើងទោចក្រយាន នឹងមានជាបន្តបន្ទាប់នៅកម្ពុជាយើង»