(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់គ្រប់ៗគ្នាថា ជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរសនោះ បានឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនដុល្លារអាមេរិក ​ចូលមូលនិធិគន្ធបុប្ផាកម្ពុជា ​ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ជា​ស្ថាបនិក និងជាប្រធានកិត្តិយស។

ការឧបត្ថម្ភនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បីសង្គ្រោះជីវិតកុមារនៅកម្ពុជា។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨​។ បន្ទាប់ពីប្រកាសដាក់ឲ្យដំណើរការភ្លាម​មានសប្បុរសជនជាតិ និងអន្ដរជាតិជាច្រើន ដែលបានចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផា​កម្ពុជា ហើយ​គិតត្រឹមថ្ងៃប្រកាសផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា» គឺទទួលបានសមាជិកស្ថានិក ចំនួន៥២រូប​។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សប្បុរសជន​ ជាតិ​ និងអន្តរជាតិ​ទាំងអស់ ដែលបានចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផា​កម្ពុជា នាថ្ងៃប្រកាសឲ្យដំណើរការ ជាផ្លូវការថ្ងៃនេះ​ រួមមានសមាជិក​ស្ថាបនិ​ក​ សមាជិកកិត្តិយស​ និងសមាជិកគាំទ្រផងដែរ។ ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌ របស់មន្ទីរពេទ្យ​ជួយព្យាបាលជំងឺកុមារកម្ពុជា​ ដោយឥតគិតថ្លៃ៕