(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រាប់ឲ្យអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ដាច់ខាតត្រូវយកចិត្តទុកដាក់ពិនិត្យមើលរាល់ប្រព័ន្ធបំពង់លូបង្ហូរទឹកផ្សេងៗ និងធ្វើការស្ដារជាបន្ទាន់ភ្លាមៗ ក្នុងការបញ្ជៀសបាននូវការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា និងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ដើម្បីដោះស្រាយក្ដីកង្វល់របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លើសពីនេះ លោក ជា ពិសី បានប្រាប់ឲ្យអាជ្ញាធរសង្កាត់-ភូមិ ត្រូវតែខិតខំប្រឹងប្រែង ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានដោយគ្មានលក្ខខណ្ឌ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ការក្រើនរំឭកយ៉ាងដូច្នេះ របស់លោក ជា ពិសី បានធ្វើឡើង ក្នុងពេលដឹកនាំអភិបាលរងខណ្ឌ អាជ្ញាធរភូមិ-សង្កាត់ និងមន្ត្រីការិយាល័យជុំនាញពាក់ព័ន្ធមួយចំនួន ដើម្បីចុះត្រួតពិនិត្យស្ដារ ប្រព័ន្ធលូបង្ហូររំដោះទឹកចេញទម្លាក់ចូលទៅក្នុងទន្លេ ក្នុងការត្រៀមបញ្ចៀសរាល់ការលិចលង់ពីជំនន់ទឹកភ្លៀងនៅរដូវវង្សា និងឈានចូលមកដល់នាពេលខាងមុខនេះ ជូនប្រជាពលរដ្ឋ នារសៀលថ្ងៃអង្គារ៍ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ចាប់ពីចំណុចភ្លើងស្តុបសួនច្បារខាងមុខឃ្លាំងសាំងសូគីម៉ិច ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រហូតដល់ផ្លូវលេខ៦៨ កែងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១។

លោក ជា ពិសី បានថ្លែងថា ក្នុងនាមអាជ្ញាធរ ត្រូវតែខិតខំប្រឹងប្រែង ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជាសេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋាន ដូចជា បញ្ហាផ្លូវ បញ្ហាកកស្ទះប្រព័ន្ធលូជាដើម ដើម្បីឆ្លើយតបភ្លាមៗ ឲ្យទាន់សភាពការណ៍ ដោយពុំបានគិតពីពេលវេលា និងគ្មានលក្ខខណ្ឌឡើយ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានដាក់ចេញថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» និងដើម្បីទីក្រុងស្អាតមានអនាម័យបរិស្ថានល្អ ធ្វើឲ្យការរស់នៅរបស់យើងគ្រប់គ្នា ប្រកបដោយផាសុខភាពល្អ ជាពិសេសថែមទាំងបានជួយលើកស្ទួយ កិត្តិយសប្រទេសជាតិ និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន តាមរយៈកំណើតភ្ញៀវទេសចរណ៍ ដើម្បីទទួលបានជោគជ័យក្នុងវិស័មួយនេះ ពោល ចាំបាច់ណាស់ គឺផ្ដើមចេញពីយើងទាំងអស់គ្នា៕