(ភ្នំពេញ)៖ ស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានឈានដល់ដំណាក់កាល តភ្ជាប់តួស្ពានចុងក្រោយហើយ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមេសានេះ និងប្រើរយៈពេលធ្វើតេស្តភាពទ្រទម្ងន់ស្ពាន ដំឡើងស្លាកសញ្ញាចរាចរ នៅដើមខែឧសភា ឆ្នាំ២០១៨។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្នុងពីធីតភ្ជាប់តួស្ពានចុងក្រោយ នៃស្ពានបាឡេឆ្លងកាត់ទន្លេសាបនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពាននេះមានប្រវែងប្រមាណ ៥០០ម៉ែត្រ ទទឹង១២ម៉ែត្រ តភ្ជាប់ពីខណ្ឌឫស្សីកែវ មកខណ្ឌជ្រោយចង្វារ សម្រាប់ជួយបម្រើការងារ ការដ្ឋានសាងសង់ស្ពានបេតុងអារមេ និងជួយសម្រួលចរាចរ ដែលកំពុងកកស្ទះ នៅស្ពានជ្រោយចង្វារចាស់ ដែលកំពុងដំណើរការជួសជុល។

លោក សាំ ពិសិដ្ឋ បានបន្ថែមទៀតថា តាមផែនការនៅចុងខែនេះ ការសាងសង់ស្ពានសឹងតែរួចរាល់១០០%។ ជាមួយគ្នានោះ នឹងធ្វើតេស្តសាកល្បង រយៈពេលជាង១សប្តាហ៍, ដូច្នេះនៅដើមខែឧសភា ខាងមុខនេះ ស្ពាននេះ នឹងស្ថាបនារួចរាល់ តាមផែនការរបស់សាលារាជធានីភ្នំពេញ ដែលចង់ឲ្យបានដាក់ដំណើរការ នៅមុនព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ដែលត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៨។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ការដាក់ឲ្យដំណើរការ ស្ពានបាឡេឆ្លងកាត់ទន្លេសាបថ្មីនេះ គឺមិនតម្រូវឲ្យឡានដែលមានទម្ងន់លើសពី១៥តោន និងមានកម្ពស់លើស២.៨ម៉ែត្រ បើកបរឆ្លងកាត់នោះទេ។ ជាមួយគ្នានោះ ក៏នឹងដាក់ស្លាកសញ្ញា នៅសងខាងស្ពាន ដើម្បីឲ្យប្រជាពលរដ្ឋត្រូវគោរពតាម និងមិនតម្រូវឲ្យអ្នកដំណើរថ្មើរជើង ធ្វើការឆ្លងកាត់ស្ពានផងដែរ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់ប្រាប់ Fresh News ថា ស្ពានបាឡេថ្មីនេះ មានទទឹង១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដោយចំណាយថវិកា ចំនួន៩លានដុល្លារ ប្រើពេលសាង​សង៦ខែ។ ខណៈស្ពាន​បេតុង មានទទឹង២០.៥ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រដូចគ្នា ដោយប្រើថវិកាចំនួន៣៥លានដុល្លារ​ ដែល​ជាថិវការបស់រាជរដ្ឋាភិបាល ដោយប្រើពេលសាងសង់២៨ខែ។

បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានបេតុងដែលគ្រោងស្ថាបនា នៅអមជាមួយស្ពានបាឡេនេះ មានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង, កំពស់សរសរស្ពាន សំរាបព្យួរខ្សែកាប ធៀបនឹងកំរាលស្ពាន៣៤ម៉ែត្រ សរសរសំរាប់ព្យួរខ្សែកាប មានសរសរចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក, កំពស់នាវាចរក្រោមស្ពានអតិបរមា នៅរដូវវស្សា១០.៥ម៉ែត្រ, កំពស់នាវាចរក្រោមស្ពានអប្បរមា នៅរដូវប្រាំង២០.៥ម៉ែត្របំពាក់ បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។

ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃ សម្រាប់ រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ក៏ដូចបង្កើនសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់ពីបណ្តាខេត្ត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត ផងដែរ ក្រោមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន៕