(កំពង់ចាម)៖ ដោយមិនគិតពីភាពនឿយហត់ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា​អគ្គលេខាធិការ​សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះ​សំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន​មកពីបណ្តាឃុំទាំង​១៥ នៃស្រុកព្រៃឈរ ចំនួន​៤៥៩​នាក់​ ដើម្បីតបស្នងនូវអ្វីដែលបានពលីជូនជាតិ និងមាតុភូមិ។

កិច្ចសំណេះសំណាលនេះ ក៏មានការចូលរួមពី លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​និងលោក ហេង វណ្ណី អភិបាលរង​ខេត្ត​កំពង់ចាម និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកដាស់​តឿន ដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវរួមសហការជាមួយ គណៈកម្មការអភិវឌ្ឍន៍ សហគមន៍អតីតយុទ្ធជនឃុំ ដើម្បីរួមគ្នាសិក្សាស្រាវជ្រាវឲ្យបានម៉ត់ចត់ ពីស្ថានភាពជីវភាព និងតម្រូវការ​ជាក់ស្តែង របស់អតីតយុទ្ធជន និងគ្រួសារ​ដែលទ័លលំបាក បង្កឱកាសឲ្យបងប្អូន មានសមត្ថភាព និងលទ្ធភាព​ប្រកបរបរចិញ្ចឹមជីវិត ដោយថ្លៃថ្នូរ​រួមចំណែក​លើកកម្ពស់ជីវភាពក្នុងគ្រួសារ បន្ថែមពីលើការជួយឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ដែលអាចឲ្យបងប្អូន​រស់នៅដោយសមរម្យ។

អគ្គលេខាធិការរូបនេះ បន្តថា សមាគម​បានចាត់ទុកថា នេះជា​សក្ខីភាព​បង្ហាញពីការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទូយ ដល់​ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ចំពោះអតីត​យុទ្ធជន និងគ្រួសារ​ តាមរយៈនៃការខិតខំ​រិះរកគ្រប់វិធានការ និងមធ្យោបាយ​ដើម្ប ​ជួយដោះស្រាយសម្រាល ទុក្ខលំបាកបងប្អូនឲ្យសមទៅនឹងគុណបំណាច់ដ៏ធំធេង របស់បងប្អូន​ចំពោះជាតិ មាតុភូមិ និងប្រជាជន​។

លោកយាយ សាន់ ង៉ា អាយុ​៨២​ឆ្នាំ ជាអតីតពលករដែលពិការជើងទាំង​២ ដោយសារមីន ពេលបំពេញភារកិច្ចនៅការដ្ឋានការពារខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ កាលពី​ឆ្នាំ១៩៨៤ តំណាងឲ្យអតីតយុទ្ធជនទូទាំង​ស្រុក សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះជីវភាព និងសុខទុក្ខបងប្អូនអតីតយុទ្ធជន​នៅគ្រប់ទីកន្លែង ពិសេស​ថ្ងៃនេះបានផ្តល់មេដាយការពារជាតិ។

លោកយាយប្ដេជ្ញាថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ​នៅតែគោរព​គាំទ្រ នៅតែស្មោះស្ម័គ្រ និងជឿជាក់​លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕