(ព្រះសីហនុ)៖ លោក​ ហ៊ុន ម៉ាណែត ក្នុង​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា០១ខ្នង ក្នុងសាលាបឋមសិក្សា​ ហ៊ុន​ សែន​ មនោរម្យ​ ក្នុងភូមិមនោរម្យ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស គឺមិនចង់ឲ្យកូនចៅជំនាន់ក្រោយ ពិបាកវេទនាដូចជំនាន់មុន​ទៀត​ ដែលគិតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានខិតខំកសាងសាលាតាំងពីថ្នាក់​មត្តេយ្យរហូតដល់វិទ្យាល័យស្ទើគ្រប់ឃុំទូទាំងប្រទេស។

បើតាមការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត រហូតមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសាលាជាង៤០០០ខ្នង​ជូនកូនខ្មែរសម្រាប់រៀនសូត្រ និងខិតខំកសាងបន្តទៀតដើម្បី​បម្រើផលប្រយោជន៍ដល់កូនចៅ​ប្រជាពលរដ្ឋទូទៅ​ តែអ្នកខ្លះមិនត្រឹមតែមិនដឹង​ ថែមទាំងរិះគន់សម្តេចថែមទៀត សួរថា តើសាលាដែបានកសាងនេះបើកទ្វារសម្រាប់តែកូនចៅរបស់គណបក្ស ប្រជាជនមែនទេ? អត់ទេ​ គឺទុកជាប្រយោជន៍រួមឲ្យកូនចៅប្រជាពលរដ្ឋនៅទីនេះ និងកូនចៅជំនាន់ក្រោយ។​

​ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីក្រុមប្រឆាំងមួយចំនួន នៅក្រៅប្រទេសមិនត្រឹមតែមិនបានជួយនោះទេ ថែមទាំងមើលងាយប្រព័ន្ធអប់រំនៅកម្ពុជា ដោយប្រៀបធៀប ប្រព័ន្ធអប់រំស្រុកខ្មែរ ថាមិនស្មើ​ប្រទេសបារាំង​ មើលងាយលោកគ្រូ អ្នកគ្រូ ដែលពួកគាត់ខិតខំបណ្តុះបណ្តាល​តាំងពីយើងមិនទាន់មានអ្វីសោះ។​

បើតាមលោក ហ៊ុន ម៉ាណែត ការចូលរួមក្នុងការកសាងសមិទ្ធផល គឺមានសារសំខាន់ណាស់ ព្រោះអ្វីទាំងអស់នេះមិនបានបម្រើផលប្រយោជន៍ ឲ្យបុគ្គលណាមួយ ​​ឬបក្សពួកណានោះទេ តែវាជាប្រយោជន៍រួមទាំងអស់គ្នា​ សម្រាប់កូនចៅយើងជំនាន់ក្រោយ​។ គ្រប់ជំនាន់សុទ្ធតែចង់ឲ្យកូនចៅរបស់ខ្លួន បានរៀនសូត្រខ្ពស់ដើម្បីអនាគត តែអកុសលប្រទេសយើងកើតសង្គ្រាម កន្លែងខ្លះគ្មានសាលារៀនដែលគ្រួសារភាគច្រើន បានបង្ខំចិត្តឲ្យកូនចៅចាកចាញឆ្ងាយពីផ្ទះដើម្បីបន្តការសិក្សា។​​

លោកបាន​ថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ដែលបានលះបង់ការលំបាកដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ​ ព្រោះថាការបណ្តុះបណ្តាលធនធានមនុស្ស ជាការងារសំខាន់ក្នុងការអភិវឌ្ឍប្រទេស​ យើងដឹងហើយថាគ្រប់វិស័យទាំងអស់ គឺត្រូវការធនធានមនុស្សដើម្បីដឹកនាំ។

​ជាមោទនភាពដែលកូនខ្មែរយើងបច្ចុប្បន្នមានសមត្ថភាព​ ប្រគួតប្រជែងដណ្តើមបានជ័យលាភីជាមួយបរទេស។​ ការដឹកនាំប្រទេសយើងបានរីកចម្រើន ដូចសព្វថ្ងៃនេះ គឺបានដោយសារកូនខ្មែយើងសុទ្ធសាធ មិនមានបរទេសណាមកដឹកនាំនោះទេ​ ទាំងនេះគឺសុទ្ធតែកើតចេញពីការបណ្តុះបណ្តាលក្នុងប្រទេស ចាប់ពីសម័យក្រោយសង្គ្រាម​។ នេះជាការបញ្ជាក់បន្ថែម របស់លោក ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថា ចុងបញ្ចប់នៃពិធី​ លោក ហ៊ុន​ ម៉ាណែត​ បានប្រកាសផ្តល់ជូនអំណោយ​របស់សម្តេចតេជោ​ ហ៊ុន សែន ជូនសាលាបឋមសិក្សា​​ ហ៊ុន សែន មនោរម្យ​ នូវអាគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូចំនួន០១ខ្នង​ កន្លែងសម្រាប់លាងដៃសិស្សានុស្ស០១កន្លែង​ បង្ហើយរបងព័ទ្ធជុំវិញសាលា​ ម៉ាស៊ីនកុំព្យូទ័រចំនួន០២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន០១គ្រឿង​​ ផ្តល់ជូនរដ្ឋបាលសាលាស្រុក នូវម៉ាស៊ីនកំព្យូទ័រ០១គ្រឿង​ និងម៉ាស៊ីនព្រីនធើ០១គ្រឿងផងដែរ៕