(ភ្នំពេញ)៖ មួយរយៈមកនេះ ចម្រៀងថ្មីរបស់តារាច្រៀងប្រុសទើបពន្លកថ្មី លោក ថេវ៉ា ដែលមានចំណងជើងថា «ស្រឡាញ់អូនស្លៀកខោរហែក» ហាក់កំពុងតែមានភាពល្បីល្បាញខ្លាំង ដោយមានការគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជន ដោយឡែក ទន្ទឹមជាមួយគ្នានឹងការមានភាពល្បីគួសម តាមរយៈចម្រៀងមួយនេះ លោក ថេវ៉ា ក៏ទទួលរងនូវការចោទប្រកាន់យ៉ាងចាស់ដៃផងដែរ ពីសំណាក់ម្ចាស់ផលិតកម្មអ៊ិច ដោយថា លោកថេវ៉ា គឺជាក្រពើវង្វេងបឹង ពោលគឺ ម្ចាស់ផលិតកម្មអ៊ិចថា លោកថេវ៉ា ថ្លើមធំហ៊ានថត MV ដោយខ្លួនឯង មិនបានប្រាប់ផលិតកម្ម ឬអ្នកគ្រប់គ្រងខ្លួន បានដឹងជាមុនឡើយ។

យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្ន បើទោះបីជារឿងរ៉ាវនេះ បានចប់សព្វគ្រប់ហើយក្តី ប៉ុន្តែមានទស្សនិកជនជាច្រើន នៅតែមានមន្ទិល ខណៈថេវ៉ា បានថ្លែងប្រាប់តាមការសាកសួរ ពីសំណាក់ពិធីករ និងពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ជាច្រើន ដោយមិនលាក់បាំងអ្វីឡើយ ជាមួយនឹងមូលហេតុ និងដើមចមនៃបញ្ហានេះ។

ក្នុងនោះផងដែរ លោក ថេវ៉ា បានថ្លែងថា «បាទបង! កាលពីដំបូងឡើយ មុនដែលគាត់ (ម្ចាស់ផលិតកម្មអ៊ិច) បានបំផុសឡើងថា ខ្ញុំជាក្រពើវង្វេងបឹង គឺពួកយើងគ្មានទំនាស់ជាមួយគ្នាទេ គឺនៅនិយាយគ្នាធម្មតា ពេលដែលទៅក្រុមហ៊ុនក៏យើងនៅនិយាយគ្នាធម្មតាដែរ ប៉ុន្តែពេលគាត់បានផុសហើយ ក៏ខ្ញុំអត់បានរករឿងគាត់ដែរ គឺយើងចេញបំភ្លើ ដោយសារតែគាត់ផុសទៅ មានការចែករំលែកតគ្នា និង Comment ជេខ្ញុំ ទាំងគាត់មិនដឹងពីខាងខ្ញុំ ធ្វើឲ្យមានការយល់ច្រឡំជាច្រើន»

ម្ចាស់បទ «ស្រឡាញ់អូនស្លៀកខោរហែក» រូបនេះ បាននិយាយបន្តថា «នៅពេលដំបូងដែល គាត់បានបំផុលឡើងហ្នឹង គឺខ្ញុំកំពុងតែនៅតាមខេត្ត នៅប្រគំតន្ត្រីនៅសៀមរាប ពេលមកដល់ភ្នំពេញវិញ ក៏ឃើញអ្វីដែលគាត់បានផុលឡើង ហើយខ្ញុំក៏ទូរស័ព្ទទៅគាត់ ដើម្បីសួរពីមូលហេតុ ថាយើងខុសអី ប៉ុន្តែគាត់អត់លើក ដូច្នេះហើយខ្ញុំបានចេញបំភ្លឺភ្លាម ដោយសារតែទុកយូរមិនបាន ព្រោះមានការយល់ច្រឡំពេញហ្វេសប៊ុក ហើយអ្នកខ្លះក៏ជេរខ្ញុំ ទាំងមិនទាន់ដឹងពីភាគីម្ខាងទៀត»

លោក ថេវ៉ា បានសង្កត់ធ្ងន់ថា «ពេលដែលខ្ញុំបានឃើញសារនេះភ្លាម គឺខ្ញុំមានអារម្មណ៍ក្តុកក្តួលមែនទែន ព្រោះមិននឹកស្មានថារឿងនេះកើតឡើង ព្រោះថា បើចំពោះខ្ញុំមែន គឺខ្ញុំចង់ជួយខាងផលិតកម្ម បើនិយាយទៅបទចម្រៀង ដែលខ្ញុំចេញក្នុងផលិតកម្ម ក៏ដូចជាថត MV គឺខ្ញុំចំណាយលុយខ្លួនឯងផ្ទាល់តែម្តង ដោយចំណាយការធ្វើបទភ្លេង និងប៉ូរ៉ូ គឺអស់១០០ដុល្លារជាង និង MV គឺអស់១០០០ ដុល្លារជាង ទើបបទយើងបានចេញ ខណៈ MV យើងថតហើយ រៀបចំនឹងចេញ បែរជាមានរឿងបែបនេះទៅវិញ»

លោកថា «បើគាត់ផុសយើង ថា (ជាក្រពើវង្វេងបឹង) ទាំងយើងមិនទាន់គិតថា ចូលក្នុងផលិតកម្មផ្សេង យើងសុំគាត់ចេញពីផលិតកម្ម គឺយើងអត់ទាន់មាន បើសិនជា ខ្ញុំចេញពីផលិតកម្ម ហើយខ្ញុំចូលផលិតកម្មផ្សេងហើយ បើគាត់ផុសដូចអ្វីដែលគាត់បាន បំផុសគឺ ខ្ញុំទទួលស្គាល់ខ្ញុំខុស»

គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ននេះ លោក ថេវ៉ា បានបញ្ចប់កុងត្រា ពីផលិតកម្មអ៊ិចហើយ បន្ទាប់ពីកើតរឿងរ៉ាវទាំងនេះ ខណៈមានផលិតជាច្រើន បានទាក់ទងមកលោក ប៉ុន្តែលោក ថេវ៉ា បានសុំទុកពេលខ្លួនឯងសំរាកមួយរយៈសិន។

ដើម្បីឲ្យជ្រាបកាន់តែច្បាស់ថា លោក ថេវ៉ា បកស្រាយអ្វីខ្លះក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» សូមទស្សនាវីដេអូនខាងក្រោមទាំងអស់គ្នា!