(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺមហារីកមាត់ស្បូននៅមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា បើគេគិតពីមុខជំនាញលើការព្យាបាលជំងឺមហារីក ពិសេស មហារីកមាត់ស្បូន បច្ចុប្បន្នឃើញថាស្រ្តីកម្ពុជាមានអត្រាអ្នកកើតរោគជំងឺនេះខ្ពស់ ដោយសារតែកង្វះព័ត៌មានផ្សព្វផ្សាយ ពីមូលហេតុ រោគសញ្ញា ការការពារ និងការព្យាបាល ដែលក្នុងចំណោមអ្នកជំងឺទាំងនេះ ក៏មានមួយចំនួន បានរត់ទៅព្យាបាលនៅបរទេស ដែលតាមការពិតកម្ពុជា ក៏មានគ្រូពេទ្យឯកទេស ឧបករណ៍ទំនើបៗជាមួយនឹងឱសថព្យាបាល ដូចបរទេសផងដែរ ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសិទសារព័ត៌មាន ពីការបង្ហាញផលិតផលឱសថថ្មីៗ ក្នុងការប្រឆាំងរោគមហារីកមាត់ស្បូន នាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ។

លោកវេជ្ជបណ្ឌិតបានលើកឡើងថា «បើយោងតាមស្ថិតិការស្រាវជ្រាវកន្លងមកគេបានរកឃើញថា កម្ពុជាមានអត្រាអ្នកកើតរោគមហារីកមាត់ស្បូនខ្ពស់ រហូតដល់ទៅប្រមាណ១,៥០០នាក់ក្នុងមួយឆ្នាំ ហើយក្នុងចំណោមនោះ អត្រាអ្នកបាត់បង់ជីវិតរហូតដល់៩០០នាក់ផងដែរ ពិសេសស្ថិតនៅក្នុងចំណោមពលរដ្ឋដែលក្រីក្រ»

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា «បញ្ហាទាំងនេះ គឺដោយសារកង្វះព័ត៌មាន បានធ្វើឲ្យអ្នកជំងឺមួយចំនួន មិនបានដឹងពីមន្ទីរពេទ្យនៅកម្ពុជាបច្ចុប្បន្ន ដែលមានពេទ្យឯកទេសលើការព្យាបាលរោគជំងឺមហារីក យ៉ាងមានប្រសិទ្ធិភាពខ្ពស់ ដែលមាននៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដែលមានបំពាក់នូវ សម្ភារៈ បរិក្ខារពេទ្យទំនើប ជាមួយនឹងគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ងាយស្រួលព្យាបាល ដោយមិនចាំបាច់ទៅក្រៅប្រទេស និងចំណាយថវិកាអស់ច្រើននោះទេ»

លោកវេជ្ជបណ្ឌិត បានលើកឡើងផងថា ចំពោះអ្នកកើតរោគមហារីកមាត់ស្បូន ដែលស្ថិតនៅក្នុងតំណាក់កាលទី១ និងទី២ អាចព្យាបាលឲ្យជាសះស្បើយ ផ្ទុយទៅវិញ បើអ្នកជំងឺទុកចោលដោយមិនបានទទួលការព្យាបាលនោះ អត្រាជាសះនោះទាប ហើយអាចប្រឈមនឹងបាត់បង់ជីវិតផងដែរ។ ជំងឺមហារីកមាត់ស្បូន ជាជំងឺឈឺចាប់ជាងគេបំផុត ពិសេសពេលបត់ជើងតូច និងធំគឺឈឺចាប់ណាស់ ហើយអ្នកជំងឺដែលដឹងហើយ មករកគ្រូពេទ្យនោះទាល់តែស្ថិតនៅក្នុងតំណាក់កាលទី៣ និងទី៤ទៅហើយ។ ដូចច្នេះស្ដ្រី គួរណាស់តែ ចាក់ថ្នាំបង្ការជំងឺមហារីកនេះ តាំងពីពេញវ័យក្រមុំមកម្ល៉េះ ។

ជុំវិញនឹងការកើតរោគមហារីកមាត់ស្បូននេះដែរ លោកវេជ្ជបណ្ឌិតបានលើកឡើងថា ការកើតរោគជំងឺនេះដំបូងៗគឺស្រ្តីស្ទើរ៥០ភាគរយហើយតែង មិនបានដឹងនោះទេ លើកលែងតែអ្នកត្រូវត្រួតពិនិត្យសុខភាពប្រចាំប៉ុណ្ណោះ។ ហេតុនេះអ្នកជំងឺត្រូវចេះសង្កេតជាមួយអាការៈដំបូងៗនៃការកើតរោគមហារីកមាត់ស្បូននេះ ដោយវាបង្ហាញអាការមួយចំនួនដូចជា ធ្លាក់ទឹកសប្ររ៉ាៗចេញមកពីរន្ធផ្លូវភេទនិងរោគសញ្ញាទី២គឺការធ្លាក់ឈាមឬ អ្នកខ្លះកើតអាការទាំង២ទន្ទឹមគ្នាតែម្តង។

ទ​ន្ទឹមនឹងនោះ លោក ថម គីម សុន (Tom Kim son) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឌីណាម៊ិចហ្វាមា បានឲ្យដឹងថា វិស័យសុខាភិបាលនៅប្រទេសកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាមានការរីកចម្រើនគួរកត់សម្គាល់ ក្នុងចំណោមនេះរោគមហារីកឃើញថា ក៏ទទួលបានការរីកចម្រើនមិនចាញ់ពីបរទេសនោះដែរ។
បើគេក្រឡេកមើលពីមជ្ឈមណ្ឌលមហារីកជាតិនៅកម្ពុជាវិញ ឃើញថាបច្ចុប្បន្នមានចំនួន២កន្លែងសំខាន់ៗគឺ នៅមន្ទីរពេទ្យកាល់ម៉ែត និង មន្ទីរពេទ្យខ្មែរសូវៀត។ មន្ទីរពេទ្យទាំងពីរនេះ បានបំពាក់នូវជំនាញវិជ្ជាជីវៈសុខភាព​ និងបច្ចេកវិទ្យាទំនើបសម្រាប់ព្យាបាលរដល់ពលរដ្ឋក្នុងប្រទេសក៏ដូចជាមកពីបរទេស។

លោកបានបន្ថែមថា ដោយសារតម្រូវការបច្ចេកវិទ្យា និងផ្គួបផ្សំជាមួយឱសថទំនើបផង នោះក្រុមហ៊ុនរបស់លោក ទើបនាំចូលនូវឱសថព្យាបាលជំងឺមហារីកមានប្រសិទ្ធភាពខ្ពស់ ដែលជាឱសថផលិតឡើងសហការរវាងរោងចក្រផលិតឱសថព្យាបាលជំងឺមហារីកដែលមានឈ្មោះ Fonko International Pharmaceutical ជាមួយក្រុមហ៊ុន ឌីណាម៊ិចហ្វាម៉ា ដោយបាននាំមកឱសថព្យាបាលជំងឺមហារីក ដែលមានគុណភាពខ្ពស់ដោយស្តង់ដា GMP (Good manufacturing Practice) និង TGA(Therapeutic good administration) របស់ប្រទេសអូស្រ្តាលី ។

គួរបញ្ជាក់ថាបើតាមវេជ្ជបណ្ឌិតសុខសុធា ជំនាញលើការព្យាបាលរោគមហារីកមាត់ស្បូនបានក្រើនរំលឹកឲ្យដឹងដែរថា ស្រ្តីកម្ពុជាគប្បីមានការប្រយ័ត្នប្រយែងទៅលើរោគមហារីកមាត់ស្បូន ខណៈបុរសវិញគប្បីមានការប្រយ័ត្នប្រយែងទៅលើការកើតរោគ មហារីកថ្លើម ពីព្រោះថាតាមស្ថិតិនោះ បានបង្ហាញថារោគទាំង២នេះ បានសម្លាប់ពលរដ្ឋកម្ពុជាអស់ជាច្រើននាក់មកហើយ៕