(ភ្នំពេញ)៖ ធនាគារជាតិ នៃកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការខ្ចីលុយតាមប្រព័ន្ធអនឡាញ និងតាមទូរស័ព្ទ ព្រោះថាក្រុមហ៊ុនកម្ចីទាំងអស់នោះ មិនមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជានោះទេ។

តាមរយៈអង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានអះអាងថា «ការផ្តល់ឥណទានទាំងនោះ មិនស្របតាមច្បាប់ឡើយ ​ដូច្នេះប្រសិនបើមានបញ្ហាអ្វីដែលកើតឡើងជាយថាហេតុ យើងនឹងពិបាកក្នុងការជួយអន្តរាគមន៍ ដោយក្រុមហ៊ុនទាំងនោះមិនមានច្បាប់អនុញ្ញាត និងគ្មានទីតាំងច្បាស់លាស់»។

បើតាមលោក គិត សុវណ្ណារិទ្ធ ក្រុមហ៊ុនទាំងនោះមិនមានគោលការណ៍ការពារអតិថិជន ឬការការពារចំពោះអ្នកជំពាក់បំណុលឡើយ មិនដូចក្រុមហ៊ុនស្របច្បាប់ ដែលគេបានការអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជាមាននោះទេ​ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន ក្នុងការចាញ់តាមការឃោសនា របស់ក្រុមហ៊ុនមួយចំនួនទាំងនោះ។

សូមជម្រាបថា ការប្រកាសជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជា នៅពេលនេះធ្វើឡើងបន្ទាប់ពីមួយរយៈចុងក្រោយ មានក្រុមហ៊ុនមួយចំនួន បានប្រកាសថា ខ្លួនជាអ្នកផ្ដល់នូវប្រាក់កម្ចីតាមប្រព័ន្ធអនឡាញ ហើយមានសេវាកម្មឆាប់រហ័សនឹងទទួលបានប្រាក់ភ្លាមៗ៕​