(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំនាយអាវុធហត្ថ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូប ទៅសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ជា ខេមរិន្ទ ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលជួបឧប្បទ្ទវហេតុ ធ្លាក់ពីលើអាគារជាន់ទី២ ព្រោះតែឡើងជួសជុលផ្ទះហើយងងឹតមុខ ធ្លាក់ចុះមក បណ្តាលឲ្យដាច់សរសៃរខួរក្បាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកាដែលបានមកពីការកៀងគរបរិច្ចាគ ថវិកាផ្ទាល់របស់បងប្អូនគ្រួសារអាវុធហត្ថរាជធានីភ្នំពេញចំនួន៥,០០០ដុល្លារ (ប្រាំពាន់ដុល្លារ) រួមជាមួយទឹកសុទ្ធ០៤កេស, ទឹកក្រូចដប ០២កេស, ទឹកដោះគោ០១កេស ផ្តល់ជូនដល់លោក ជា ខេមរិន្ទ និងគ្រួសារ ទុកជាការចែករំលែកជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក ក្នុងនាមគ្រួសារអាវុធហត្ថ។

ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅមានសណ្តានចិត្តអាណិតអាសូដល់អ្នកជម្ងឺម្នាក់ផ្សេងទៀត មកពីស្រុករំដួល ខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាលក្នុងបន្ទប់ជាមួយលោក ជា ខេមរិន្ទ ដែរនោះ ដោយលោកឧត្តម សេនីយ៍ឯក បានជូនជាអំណោយដល់គាត់រួមមានថវិកា២០០ដុល្លារ ទឹកសុទ្ធ០១កេស និងទឹកដោះគោ០១កេសផងដែរ៕