(កំពង់ចាម)៖ ​នាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមេសា ​ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ​ជូនអតីតយុទ្ធជន ក្នុងបណ្តាឃុំទាំង​៨ នៃស្រុកចំការលើ ចំនួន​២៥៧​នាក់​។

ក្នុងពិធីនោះ ក៏មានការចូលរួមពី ​លោក គួច ចំរើន អភិបាល​ខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ជាមួយនឹង​​ការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ និងអតីតយុទ្ធជនទាំងអស់ នាយឧត្តមសេនីយ គន់ គីម បានជម្រាបជូនអំពីប្រវត្តិ និងលទ្ធផលការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលរយៈពេលក្រោយការបង្កើត ជិត​១១​ឆ្នាំ​​កន្លងមក ពិសេស​ជាង​២​ឆ្នាំចុងក្រោយនេះ សមាគម​បានជំរុញសកម្មភាពឲ្យកាន់តែកៀកជិតស្និទ្ធ ជាមួយសមាជិកនៅមូលដ្ឋាន​។

នាយឧត្តមសេនីយ៍ បានបន្ដថា​ ការចុះជួបសាកសួរ សុខទុក្ខ​យ៉ាងមមាញឹករបស់ថ្នាក់ដឹកនាំ ចំពោះអតីតយុទ្ធជន និងគ្រួសារ​តាមគ្រប់រូបភាព គ្រប់ទីកន្លែង​កន្លងមក បានពង្រឹងនូវភាពកក់ក្តៅ​បង្កជំនឿទុកចិត្ត របស់បងប្អូន​លើសមាគម និងការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន​។

ជាមួយគ្នានេះ លោក គួច ចំរើន បានថ្លែងថា សន្តិភាពដែលគ្របដណ្តប់ពេញផ្ទៃប្រទេស ដូចសព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់បានពីការលះបង់ដ៏ធំធេង របស់វីរអតីតយុទ្ធជនបានឡើយ​។ ដូចនេះ​ការគិតគូរពីសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា​ ហើយលោកបានសន្យាថា នឹងបន្តជួយឧបត្ថម្ភ​គាំទ្រ លើកទឹកចិត្ត និងខិតខំចលនា​កៀងគរ សប្បុរសជន​នានា ដើម្បីដោះស្រាយបញ្ហា និងទុក្ខកង្វល់​របស់បងប្អូន។

សូមបញ្ជាក់ថា កន្លងមកនេះ​ក្នុងគោលដៅលើកកំពស់ជីវភាពជូនអតីតយុទ្ធជន នាយឧត្តមសេនីយ គន់ គីម ធ្លាប់បានសំណូមពរឲ្យគណៈកម្មាធិការសមាគមខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដី​ខេត្ត គោលដៅទាំង១៣ឲ្យពង្រឹងវិធានការ ថែរក្សា និងគ្រប់គ្រង ដីបម្រុងទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ច​របស់រដ្ឋ ដែលមាន​លើទីតាំងនៃខេត្តគោលដៅទាំងនេះ ឲ្យបានម៉ឺងម៉ាត់​សម្រាប់​រៀបចំជាតំបន់ អភិវឌ្ឍន៍អតីតយុទ្ធជន និងដើម្បីរៀបចំបែងចែក ជូនសមាជិកសមាគម ដែលខ្វះខាតពិតប្រាកដ​ដើម្បីបានអាស្រ័យផល​។

លោកតា គឹម ឆន អាយុ​៨៥​ឆ្នាំ ដែលមានកូនប្រុសជាសេនាជនឃុំ បានពលីកាលពីឆ្នាំ១៩៩២ បានសម្តែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ​ដែលបានផ្តល់មេដាយការពារជាតិ​ជូនពួកគាត់ ហើយគាត់ថា «មានសម្តេចតេជោ ទើបប្រទេសជាតិ មានសន្តិភាព និងមានការអភិវឌ្ឍន៍»៕