(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ជុំវិញលទ្ធផលនៃដំណើរការ កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅរសៀល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

កិច្ច​ប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ​២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត និងតំណាងដៃគូអភិវឌ្ឍន៍ តំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ​៥០០​នាក់។

សេចក្ដីប្រកាសព័ត៌មានខាងលើ ក៏បានបង្ហាញអំពី សមិទ្ធផលសំខាន់ៗ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល​៥ ឆ្នាំចុងក្រោយនេះផងដែរ ក្នុងនោះរួមមាន៖

១៖ កសាងបានពេញលេញនូវមូលដ្ឋានគ្រឹះនៃភាពទុកចិត្តបាននៃថវិកា តាមរយៈការពង្រឹងយន្តការកៀរគរចំណូលថវិការដ្ឋ ការគ្រប់គ្រងប្រសិទ្ធភាពនៃចំណាយ និងការគ្រប់គ្រងបំណុលសាធារណៈបានល្អត្រឹមត្រូវ ។ បើគិតពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ ចំណូលចរន្តថវិការដ្ឋ បានកើនឡើងជាង២ដង ពីប្រមាណ ២,២៦៤លានដុល្លារអាមេរិក ដល់ប្រមាណ ៤,៥៦០លានដុល្លារអាមេរិក ដែលបានផ្ដល់លទ្ធភាព ឱ្យរាជ-រដ្ឋាភិបាលបង្កើនចំណាយយ៉ាងច្រើន, ជាពិសេស, លើវិស័យសង្គមកិច្ច និងការលើកកម្ពស់គុណភាព និងពង្រីកវិសាលភាពនៃការផ្ដល់សេវាសាធារណៈឱ្យកាន់តែខិតទៅជិតនឹងប្រជាពលរដ្ឋ ។

២៖ សម្រេចបានយន្តការស្នូលនៃគណនេយ្យភាពហិរញ្ញវត្ថុ តាមរយៈការដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកជាបន្តបន្ទាប់ទៅតាមក្រសួង-ស្ថាប័ន, ការពង្រឹងមុខងារសវនកម្មផ្ទៃក្នុងតាមក្រសួង-ស្ថាប័ន និងការរៀបចំ កែលម្អ និងពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងថវិកា ។

៣៖ សម្រេចបានជាសារវ័ន្តនូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ តាមរយៈការដាក់ឱ្យអនុវត្តថវិកាកម្មវិធីពេញលេញ នៅគ្រប់ក្រសួង-ស្ថាប័ន និងការពង្រឹង និងកែលម្អមួយកម្រិតខ្ពស់ថែមទៀត ក្នុងការរៀបចំ និងការចរចាថវិកា ដោយការឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរនូវអាទិភាពគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ។

៤៖ កែលម្អបន្ថែមលើការផ្សព្វផ្សាយព័ត៌មានថវិកា តាមរយៈការផ្ដល់ព័ត៌មានថវិកានៅគ្រប់វដ្ឋនៃថវិកា ចាប់តាំងពីការត្រៀមរៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច, ការរៀបចំសេចក្ដីព្រាង, អនុម័ត និងអនុវត្តច្បាប់ហិរញ្ញវត្ថុ ប្រចាំឆ្នាំ ដើម្បីប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពនៃថវិកា ។

៥៖ សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ជាមួយនឹងការបែងចែកផលនៃកំណើនប្រកបដោយសមធម៌ ព្រមទាំងការរក្សាបានជារួមនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ អនុគ្រោះ ក្នុងបរិការណ៍អតិផរណាទាប និងអត្រាប្ដូរប្រាក់មានស្ថិរភាព រួមនឹងវិធានការគោលនយោបាយដោះស្រាយទុក្ខលំបាក ក្ដីកង្វល់ និងបំណងប្រាថ្នាប្រជាពលរដ្ឋ និងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលកំពុងតែផ្ដល់ជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកមានចំណូលទាប ។

លោក FRANK VIALT ប្រធានផ្នែកសហប្រតិបត្តិការ នៃស្ថានតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បានសម្ដែងនូវការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចសមិទ្ធផលសំខាន់ៗនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបញ្ជាក់ជំហររបស់សហភាពអឺរ៉ុប នឹងបន្តកិច្ចសហប្រតិការគ្រប់ជ្រុងជ្រោយជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕

http://image.freshnewsasia.com/2018/fn-2018-04-21-17-28-42-0.JPG http://image.freshnewsasia.com/2018/fn-2018-04-21-17-28-43-1.JPG http://image.freshnewsasia.com/2018/fn-2018-04-21-17-28-43-2.JPG