(ស្វាយរៀង)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់មណ្ឌលថែទាំមនុស្សចាស់ ស្ថិតនៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកអភិបាលស្រុករមាសហែក បានលើកឡើងថា សមិទ្ធផលថ្មីជាមណ្ឌលថែទាំមនុស្សចាស់ ដែលជាគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា បញ្ចុះបឋមសីមាសាងសង់នៅពេលនេះ មានទំហំ ១៦គុណ ៦ម៉ែត្រ និងមានបន្ទប់អនាម័យចំនួន២ បន្ទប់មនុស្សប្រុស១បន្ទប់ និងបន្ទប់មនុស្សស្រីចំនួន១បន្ទប់។

លោកអភិបាលស្រុក បានបន្តថា ដោយមានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់ការគាំទ្រក្នុងការបង្កើតមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង ឱ្យកាន់តែមានភាពកក់ក្តៅ កាន់តែប្រសើរឡើងក្នុងការ រួមចំណែកសកម្មភាពជួយកាន់បន្ថយភាពក្រីក្រនៅកម្ពុជា ដោយស្របទៅតាមគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧ ដល់ឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដាក់ចេញឱ្យអនុវត្តលើវិស័យសុខមាលភាពមនុស្សចាស់កម្ពុជា។

គួរបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺជាផែនទីមគ្គុទ្ទេសក៏រយៈពេលវែង​ សម្រាប់ការអភិវឌ្ឍប្រព័ន្ធសុខុមាលភាពមនុស្សចាស់ នៅក្នុងប្រទេស ដែលរំលេចឲ្យឃើញពីតថភាព នៃការអភិវឌ្ឍប្រព័ន្ធសុខុមាលភាពមនុស្សចាស់ ព្រមទាំងដាក់ចេញនូវ គោលដៅយុទ្ធសាស្ដ្រ និងផែនការសកម្មភាព ២០១៨-២០២០ សំដៅអនុវត្តផែនការនេះឲ្យមានប្រសិទ្ធភាព ស្របតាមស្ថានភាពនៃការវិវត្តន៍របស់កម្ពុជា។

គោលនយោបាយបានបង្ហាញដែរថា កត្ដាប្រជាសាស្ដ្រ នៃការឈានទៅរកវ័យចាស់នៅកម្ពុជា គឺជាមូលដ្ឋានសម្រាប់គិតគូរ និងបញ្ចូល បញ្ហាមនុស្សចាស់ទៅក្នុងបរិការណ៍នៃដំណើរការអភិវឌ្ឍន៍ និងការធ្វើផែនការអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យមនុស្សចាស់ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងពហុវិស័យ។

គោលនយោបាយនេះ មានអាទិភាពការងារចំនួន ០៩រួមមាន៖ សន្ដិសុខហិរញ្ញវត្ថុ, សុខភាព និងសុខុមាលភាព, របៀបរបបការរស់នៅ, បរិស្ថានអំណោយផល, សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម, ទំនាក់ទំនងអន្ដរជំនាន់, ការរំលោភបំពាន និងអំពើហិង្សាលើមនុស្សចាស់, ស្ថានភាពមានអាសន្ន និង ការត្រៀមខ្លួនមនុស្សវ័យក្មេងសម្រាប់ឈានចូលវ័យចាស់។

កន្លងមក លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញជំហរម៉ឹងម៉ាត់ថា ទាំងរាជរដ្ឋាភិបាល និងក្រសួង នឹងរួមគ្នា​ខិតខំធ្វើយ៉ាងណា បង្កើតមណ្ឌលថែទាំមនុស្សចាស់ឲ្យបានច្រើននៅកម្ពុជា ដើម្បីបំពេញបន្ថែមលើកំណើន មនុស្ស ចាស់ និងថែទាំមនុស្សចាស់គ្មានលទ្ធភាព អាចរស់នៅបាន ដោយមានការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យក្រុមមនុស្សទាំងនោះ អាចរស់នៅដោយមានអាយុវែង និងមានសុខភាពល្អប្រសើរ។

ក្នុងរបាយការណ៍នាយកដ្ឋានសុខភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា មនុស្សវ័យចាស់ដែលមានអាយុពី ៦០ឆ្នាំឡើងនៅក្នុងឆ្នាំ២០១៣ មានប្រមាណ ៨% ស្មើនឹង ១,២ លាននាក់ នៃប្រជាជនសរុប ១៥លាននាក់ ហើយត្រូវបានព្យាករណ៍ នឹងមានកំណើនរហូតដល់ ១១% ស្មើនឹង ២លាននាក់) នៃប្រជាជនសរុបប្រមាណ ១៨លាននាក់ នៅឆ្នាំ២០៣០៕