(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុន «ប្រតិបត្តិករឥណទានប្រសិទ្ធ» ឈ្មោះ ទួន សុវណ្ណា ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក រៀល សុភិន ដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ការសួរនាំរួចមក កាលពីល្ងាចថ្ងៃម្សិលមិញ។ នេះបើយោងតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ។

មន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទួន សុវណ្ណា អាយុ៤៨ ឆ្នាំ មុខរបរអគ្គនាយក ក្រុមហ៊ុន «ប្រតិបត្តិករឥណទានប្រសិទ្ធ» មានទីលំនៅផ្ទះលេខ៤៥F១ ផ្លូវវត្តអង្គតាមិញ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ត្រូវបានចាប់ខ្លួន រួចបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ការដោះលែងជនសង្ស័យខាងលើនេះ បានកើតឡើងបន្ទាប់ពីមានអន្តរាគមន៍ពីមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ ដែលមានឥទ្ធិពល ប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនឈ្មោះ ទួន សុវណ្ណា កាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចផ្លូវវេងស្រេងម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក រៀល សុភិន ពាក់ព័ន្ធសំណុំរឿងកំហែងយកប្រាក់ និងគំរាមកំហែងប្តឹងបរិហា៕