(ភ្នំពេញ)៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការ នៅរសៀលថ្ងៃទី២០ ខែមេសានេះបានអះអាងដូចគ្នាថា ករណីកម្លាំងសមត្ថកិច្ចជាច្រើនប្រមាណ៨ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ មិនមែនជាការគំរាមកំហែងនោះទេ ពោលគឺដោយសារតែកំណើនការិយាល័យបោះឆ្នោត។

ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងបន្ទាប់មានការលើករបស់មតិមួយចំនួនថា ការដែលបង្កើនកម្លាំងសមត្ថកិច្ចរហូតដល់៨ម៉ឺននាក់នេះ មានលក្ខណៈគំរាមកំហែង និងបំបាក់ស្មារតី ក្នុងចេតនាណាមួយក្នុងដំណើរការ នៃការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីបិទវគ្គ​​បណ្តុះបណ្តាល​គ្រូ​បង្គោល​ ស្តី​ពី​ច្បាប់​​បទបញ្ជា​ និង​នីតិវិធី​​​សម្រាប់​ការ​បោះ​ឆ្នោត ​និង​ក្រម​​សីលធម៌​សម្រាប់​​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ គ.ជ.ប រូបនេះ បានលើកឡើងថា «ចំនួនកងកម្លាំងរក្សាសន្ដិសុខដែលច្រើន ទាក់ទងនឹងចំនួនការិយាល័យបោះឆ្នោត កាលណាចំនួនការិយាល័យបោះឆ្នោតច្រើន យើងត្រូវការកម្លាំងការពារច្រើនទៅតាមហ្នឹងដែរ ហើយជាធម្មតាគម្រោងនៅតាមការិយាល័យនីមួយៗ ត្រូវមានកម្លាំងការពារចំនួន៣នាក់ យើងបោះឆ្នោតបានជាង១០ដងហើយ កម្លាំងបានការពារសន្ដិសុខបានយ៉ាងល្អណាស់ ពុំមានការគំរាមកំហែងអ្វីនោះទេ»

ស្រដៀងគ្នានេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអះអាងយ៉ាងដូច្នេះថា «កន្លែងនេះសូមបញ្ជាក់យ៉ាងច្បាស់ អត់មានអីទៅគំរាមកំហែងនោះទេ កម្លាំងទៅគំរាមកំហែងយ៉ាងម៉េច! កម្លាំងការរក្សាសន្ដិសុខការបោះឆ្នោត ជាកម្លាំងរបស់ជាតិ មិនមែនជាកម្លាំងរបស់គណបក្សនយោបាយនោះទេ គឺរក្សាសន្ដិសុខឲ្យដំណើរការបោះឆ្នោត ហើយដោយសារចំនួនគោលដៅ និងការិយាល័យកើន»។

បើតាមនាយឧត្តមសេនីយ៍អ្នកនាំពាក្យ ចំពោះបុគ្គល ឬក្រុមមួយចំនួនដែលមានបំណងចង់រារាំង និងបំភ្លៃបំផ្លាញដល់ដំណើរការបោះឆ្នោតនេះ កម្លាំងសមត្ថកិច្ចនឹងអនុវត្តវិធានការណ៍ច្បាប់ភ្លាមៗដោយម៉ឺងម៉ាត់ មិនបណ្ដោយឲ្យធ្វើតាមអំពើចិត្តនោះទេ ព្រោះកម្ពុជាមានបទពិសោធន៍រួចហើយ ចំពោះបញ្ហាទាំងអស់នេះ។

សូមជម្រាបថា បើតាម លោក ទេព នីថា​ ​​ការិយាល័យបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ មានចំនួន ២,៣០០០ការិយាល័យ ហើយកម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងនគរបាលជាតិ កម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ សរុបរហូតដល់៨ម៉ឺននាក់ ​បូករួមទាំងកម្លាំងប្រជាការពារ នឹងប្រើប្រាស់ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់​ការបោះឆ្នោតដ៏ធំមួយនេះ៕