(ភ្នំពេញ)៖ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះថា ការស្ថាបនាស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មកដល់ពេលនេះ សម្រេចបាន៩៥%ហើយ នៅសល់ការងារបន្តិចទៀតប៉ុណ្ណោះនឹងបញ្ចប់ជាស្ថាពរ។

អគ្គនាយករងរូបនេះបានបន្តទៀតថា «តាមផែនការនៅចុងខែនេះ ការសាងសង់ស្ពានសឹងតែរួចរាល់១០០%។ យើងនឹងធ្វើតេស្តសាកល្បងរយៈពេល១សប្តាហ៍ ដូច្នេះនៅដើមខែមិថុនាខាងមុខនេះ ស្ពាននេះនឹងស្ថាបនារួចរាល់ តាមផែនការរបស់សាលារាជធានីភ្នំពេញ ដែលចង់ឲ្យបានដាក់ដំណើរការ នៅមុនព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ដែលត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៨»

សូមម្រាបថា ស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិលេខ៥នេះ មានទទឹង១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដោយចំណាយថវិកាចំនួន៩លានដុល្លារ ប្រើពេលសាង​សង៦ខែ៕