(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ថ្លែងបានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំណូលចរន្តថវិការដ្ឋរបស់កម្ពុជា បានកើនឡើងជាង២ដង ដោយកើនពីប្រមាណ២,២៦៤លានដុល្លារនៅឆ្នាំ២០១៣ ដល់ប្រមាណ៤,៥៦០លានដុល្លារ នៅឆ្នាំ២០១៨នេះ។

ការបញ្ជាក់បែបនេះរបស់លោក អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការអនុវត្តកម្មវិធី កែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា ការកសាងបានពេញលេញ នូវមូលដ្ឋានគ្រឹះនៃភាពទុកចិត្តបាន នៃថវិកាតាមរយៈការពង្រឹងយន្តការ កៀរគរចំណូលថវិការដ្ឋ ក៏ដូចជាការគ្រប់គ្រងប្រសិទ្ធភាពនៃចំណាយ និងការគ្រប់គ្រងបំណុលសាធារណៈ បានល្អត្រឹមត្រូវ ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាល គ្រប់គ្រងបានគត់មត់នូវឱនភាពថវិកា, លើកកម្ពស់បានកាន់តែប្រសើរឡើង នូវប្រសិទ្ធភាពថវិកា ទាំងប្រសិទ្ធភាពក្នុងការវិភាជ ទាំងប្រសិទ្ធភាព ក្នុងកិច្ចប្រតិបត្តិការ, លុបបំបាត់បាននូវបំណុល សាច់ប្រាក់កកស្ទះដ៏រ៉ាំរ៉ៃ ហើយធានាសម្រេច បាននូវការអនុវត្តគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលសំដៅការពារ, កសាង និងអភិវឌ្ឍជាតិ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងដូច្នេះថា «បើគិតពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៨ ចំណូលចរន្តថវិការដ្ឋ បានកើនឡើងជាងពីរដង ពីប្រមាណ ២,២៦៤ លានដុល្លារឤមេរិក ដល់ប្រមាណ ៤,៥៦០ លានដុល្លារឤមេរិក»

លោករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ការកើនឡើងនៃទំហំចំណូលនេះ បានផ្តល់លទ្ធភាពឲ្យរាជរដ្ឋាភិបាល បង្កើនចំណាយយ៉ាងច្រើន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលភាព នៃសេវាសាធារណៈ ទាំងតាមរយៈចំណាយចរន្តថវិកាជាតិ និងទាំងតាមរយៈចំណាយវិនិយោគសាធារណៈ ដើម្បីធ្វើឲ្យការផ្តល់សេវាសាធារណៈ មានភាពកាន់តែប្រសើរឡើង និងកាន់តែខិតជិតនឹងប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, ចំណាយសរុបថវិការដ្ឋ ត្រូវបានបង្កើនជិតពីរដង ក្នុងនោះ ចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបានបង្កើនជាងបីដង, ចំណាយសរុបរបស់ ក្រសួងសុខាភិបាល ត្រូវបានបង្កើនជិតពីរដងកន្លះ, ចំណាយសរុបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបានបង្កើនជិតបីដង ហើយចំណាយវិនិយោគផ្ទាល់ ដោយហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានបង្កើនជិតពីរដងកន្លះ។

ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា សមាមាត្រនៃចំណូលថវិកា ពីប្រភពហិរញ្ញប្បទានក្រៅប្រទេស ក្នុងចំណែកថវិកាជាតិ បានថយចុះ ពីប្រមាណជិត ៧០% នៅក្នុងឆ្នាំ ១៩៩៥ មកនៅត្រឹមតែប្រមាណ២១.៤%ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៧ ហើយនឹងបន្តថយចុះថែមទៀត នៅមិនដល់ ២០% នៅឆ្នាំ២០១៨ ។ ប្រការនេះ គឺជាការសបញ្ជាក់ឲ្យ ឃើញថា កម្ពុជាកាន់តែមានឯករាជ្យ ភាពខាងថវិកាជាងមុន និងកាន់តែមានភាពជាម្ចាស់ជាងមុន៕