(បន្ទាយមានជ័យ)៖ រត់គេចខ្លួនអស់រយៈពេលជាង១៥ឆ្នាំ ក្រោយធ្វើសកម្មភាពប្លន់ទ្រព្យសម្បតិ្ដនៅឆ្នាំ២០០៣ ក្នុងខេត្តស្វាយរៀង តែត្រូវអស់ល័ក្ខនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយកម្លាំងនគរបាលចាប់ខ្លួនបាន នៅខេត្តបន្ទាយមានជ័យ។

ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងនគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ ​សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងកងទ័ពទីបញ្ជាការទិសថ្មពួក នៃតំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យ តាមដីកា​បង្គាប់ឲ្យចាប់ខ្លួនលេខ​០៧ ចុះថ្ងៃទី២៨ ខែ មករា ឆ្នាំ២០០៩ របស់លោក ឃី ឆៃ  ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យឈ្មោះ ​ក្រូច ម៉ៃ អាយុ៥១ឆ្នាំ ​មានទីលំនៅភូមិដងរែក ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាប់ទាក់ទិនក្នុងករណី រួបរួមគ្នាប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តកាលពីថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០០៣ នៅ​ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ​ខេត្តស្វាយរៀង​។

លោកបានបញ្ជាក់ថា ចំពោះមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួននេះ បន្ទាប់ពីប្រព្រឹត្តបទល្មើសរួចបានរត់គេចខ្លួន ទៅខេត្តបន្ទាយមានជ័យ អស់រយៈពេលជាង​១៥ឆ្នាំ​មកហើយ ក្រោយមកទើបសមត្ថកិច្ច ជំនាញ​បានស្រាវជ្រាវរកឃើញទីតាំងលាក់ខ្លួន ហើយធ្វើកិច្ចសហប្រតិបត្តិការបង្ក្រាបចាប់ខ្លួន ជនសង្ស័យនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបំពេញនីតិវិធី​ចាត់ការតាមច្បាប់៕