(កំពង់ចាម)៖ ព្រះសង្ឃចិនមួយអង្គ បានធ្វើសកម្មភាពនិមន្ដរៃអង្គាសបច្ច័យតាមទីសាធារណៈបែបអនាធិបតេយ្យ ក្នុងក្រុងកំពង់ចាម​ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានមន្ដ្រីនគរបាលក្រុង និងសាលាអនុគុណ និងការិយាល័យធម្មការ ក្រុងកំពង់ចាម​ឃាត់ខ្លួន។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ព្រះសង្ឃចិនរូបនេះឈ្មោះ Yan Fenglong បាននិមន្ដរៃអង្គាសបែបអនាធិបតេយ្យ ដោយគ្មានលិខិតអនុញ្ញាត ពីសមត្ថកិច្ចពាក់ព័ន្ធ។ ក្រោយឃាត់ខ្លួនមន្ដ្រីនគរបាលបានប្រគល់ព្រះអង្គនេះ ទៅការិយាល័យធម្មការក្រុងកំពង់ចាម ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតទៅទៀត។

ក្រោយបញ្ជូនទៅការិយាល័យធម្មការ ព្រះសង្ឃ Yan Fenglong បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរៃអង្គាស និងគោរពតាមការណែនាំរបស់សមត្ថកិច្ច និងមិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ច្បាប់ និងសណ្ដាប់ធ្នាប់សង្គមឡើយ។ ប្រសិនមានលើកក្រោយ សាលាអនុគុណ និងការិយាល័យធម្មការក្រុងកំពង់ចាម ចាត់វិធានការតាមនីតិវិធី៕