(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ទាត់ច្រាលទាំងស្រុង នូវការចុះផ្សាយព័ត៌មានក្លែងក្លែង អត្ថបទលើទំព័រហ្វេសប៊ុកឈ្មោះ «មើល កុំសាន (Merl Komsan)» ដែលបង្ហោះពីករណីរូបថត X-ray របស់បុរសម្នាក់រស់នៅខេត្តព្រៃវែង ដោយអះអាងមានសត្វកន្លាតមួយក្បាល កំពុងតែរស់នៅក្នុងខ្លួន។

ការចេញសេចក្តីថ្លែងការណ៍ទាត់ចោលព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមាន Facebook Page មួយឈ្មោះថា «មើល កុំសាន (Merl Komsan)» កាលពីថ្មីនេះបានបង្ហោះករណីរូបថត X-ray របស់បុរសម្នាក់រស់នៅខេត្តព្រៃវែង ដែលគាត់ត្រូវបានលោកវេជ្ជបណ្ឌិតប្រាប់ថា មានសត្វកន្លាតមួយក្បាលកំពុងតែរស់នៅក្នុងខ្លួនរបស់គាត់ ទើបធ្វើឲ្យគាត់ចេះតែមានអាការៈឈឺចុកចាប់ស្មាបែបនេះ ហើយតម្រូវឲ្យគាត់ទៅព្យាបាលនៅបរទេសថែមទៀតផង បន្ទាប់មកបុរសរូបនោះបានលក់ផ្ទះ និងខ្ចីលុយធនាគារអស់ជាច្រើន ដើម្បីយកលុយទៅព្យាបាលនៅប្រទេសឥណ្ឌា។ ប៉ុន្តែពេលនេះ ព័ត៌មាននេះត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ជាព័ត៌មានក្លែងក្លាយ និងមិនមែនកើតឡើងនៅកម្ពុជាឡើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា «បន្ទាប់ពីបានឃើញការចុះផ្សាយបែបនេះមក ក្រសួងបានធ្វើការស្រាវជ្រាវឃើញថា អត្ថបទនេះ បានក្លែងបន្លំខ្លឹមសារពីអត្ថបទដើម ដែលបានចុះផ្សាយហ្វេកប៊ុក មានម្ចាស់ផេចឈ្មោះ Medecine Life -ជីវិតគ្រូពេទ្យ ដែលខ្លឹមសារបានសរសេរអំពីសាច់រឿង នៅប្រទេសនីហ្សេរីយ៉ា មិនមែននៅមន្ទីរខេត្ដព្រៃវែងនោះឡើយ»

ព័ត៌មានលម្អិត សូមអានក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលដូចខាងក្រោម៖