(ស្វាយរៀង)៖ នៅថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក២៥៦១ ត្រូវនិងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជននៅកម្ពុជា អមដំណើរដោយនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង និងលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូន សមាជិកអតីតយុទ្ធជនកម្ពុជា ស្រុកស្វាយទាប និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំនួន៧៥០នាក់ទៀត។

ជាមួយគ្នានេះ នៅចំពោះមុខថ្នាក់ដឹកនាំ បងប្អូនអតីតយុទ្ធជនទាំងអស់ បានប្រកាសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿងខ្លាំងឡើង ផ្តល់សេចក្តីសុខសាន្ត និងភាពសម្បូរសប្បាយជូនពលរដ្ឋទាំងអស់។

បន្ទាប់ពីនាំពាក្យផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់សមាជិក ស.អ.ក រួចមក នាយឧត្តមសេនីយ៍ គន់ គីម បានលើកសសើរការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ស.អ.ក គ្រប់ថ្នាក់ដែលបានយកចិត្តទុកដាក់ដល់សមាជិក ស.អ.ក និងជម្រុញឲ្យថ្នាក់ដឹកនាំ ស.អ.ក បន្តធ្វើបច្ចុប្បន្នភាពសមាជិកឲ្យបានចប់សព្វគ្រប់ នៅបំណាច់ខែ៥ខាងមុខនេះ រកឲ្យឃើញអ្នកដែលមានជីវភាពខ្វះខាតទ័លក្រ ដើម្បីយើងមានលើកផែនការជួយបងប្អូន។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ក៏បានសុំឲ្យបងប្អូនសមាជិក ស.អ.ក យើងត្រូវយល់ឲ្យបានច្បាស់ថា មានតែសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនទេ ដែលតែងតែគិតគូរពីផលប្រយោជន៍ ប្រទេសជាតិ ដឹកនាំសង្គ្រោះប្រទេសចេញពីរបបប្រល័យពូជសាន៍, ធ្វើការបង្រួបបង្រួមជាតិដោយការអនុវត្តនយោបាយឈ្នះឈ្នះ តាំងពីខ្មែរមាន៤ភាគី (ទី១៖ ភាគីរដ្ឋកម្ពុជាដឹកនាំដោយ គណបក្សប្រជាជន, ទី២៖ ភាគីសម្តេចព្រះនរោត្តមសីហនុ, ទី៣៖ ភាគីលោកតាសឺន សាន និងទី៤, ភាគីខ្មែរក្រហម) ឲ្យមានការឯកភាពជាតិតែមួយ ទទួលបានសន្តិភាពពេញលេញ និងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ គន់ គីម ដែលបានចំណាយពេលពេញមួយថ្ងៃៗ ចុះមូលដ្ឋានជួបជាមួយបងប្អូន អតីតយុទ្ធជនបានបញ្ជាក់ទៀតថា «ដោយមើលឃើញពីការលំបាករបស់បងប្អូន ស.អ.ក យើង ថ្មីៗនេះសម្តេចបានផ្តល់ផ្ទះចំនួន២០០ខ្នង ដែលបានសាងសង់រួចនៅភូមិជីកដី ឃុំជីកដី ស្រុករមាសហែក។ ដូចបងប្អូនឃើញស្រាប់ហើយ ដែលផ្ទុយពីទណ្ឌិទ សម រង្សី និងបក្សពួក គេតែងតែរកគ្រប់វិធីបំផ្លាញ ប្រទេសជាតិ ដូចជាពេលថ្មីៗនេះ សម រង្សី និងបក្សពួកបានទៅប្រទេសជប៉ុន និងឥណ្ឌូនេស៊ី អំពាវនាវឲ្យគេដាក់ការគៀបសង្កត់មកលើកម្ពុជា ទាមទារឲ្យខ្មោចបក្ស សង្គ្រោះជាតិរស់ឡើងវិញ តែគ្រប់កន្លែងដែលក្រុមនេះទៅដល់ត្រូវ បានរដ្ឋាភិបាលនៃប្រទេសទាំងនោះ គេបដិសេធមិនអើពើឡើយ»។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានសុំឲ្យបងប្អូន ស.អ.ក យើង ចេះជួយគ្នាពេលមានធុរះ ធ្វើជាភ្នែកជាច្រមុះឲ្យអាជ្ញាធរមូលដ្ឋាន និងប៉ូលីសប៉ុស្តិ៍ មានរឿងអីមិនប្រក្រតីត្រូវរាយការណ៍ភ្លាម ដើម្បីភាពសុខសាន្តនៅមូលដ្ឋានយើង និងសុំឲ្យបងប្អូនយើងនាំសមាជិកគ្រួសារទៅបោះឆ្នោត និងបោះជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា។

លោក ម៉ែន ចន្ថន យោធិននិវត្តន៍ មានទីលំនៅភូមិ ជង្រុកឬស្សី ឃុំរមាំងថ្កោល ស្រុកស្វាយទាប ជំនួសមុខឲ្យសមាជិកអតីតយុទ្ធជន ដែលមកចូលរួមក្នុងពិធីនេះបានថ្លែងអំណរគុណដល់ សម្តេចតេជោ ដែលបានគិតគូរដល់ពួកគាត់ ដូចជា តម្លើងប្រាក់ខែជូនពួកគាត់ និងពេលនេះបានផ្តល់មេដាយជូនពួកគាត់ទៀត។ ពួកគាត់គ្មានថ្ងៃបំភ្លេចគុណសម្តេចឡើយ បងប្អូននឹងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីគាំទ្រ សម្តេចតេជោ បន្តដឹកនាំប្រទេស និងធ្វើជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារបស់យើងតទៅទៀត៕