(ភ្នំពេញ)៖ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អមដំណើរដោយលោកអធិការរងនគរបាលខណ្ឌមួយចំនួន បានចុះទៅកាន់តាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាល ទូទាំងខណ្ឌ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ក្នុងទិសដៅដើម្បីធ្វើការអប់រំ ណែនាំ ដល់មន្ត្រីនគរបាលប៉ុស្ដិ៍ទាំងនោះ ពីរបៀបរបបក្នុងការអនុវត្តន៍ការងារ ជាពិសេសប៉ុស្តិ៍ចំនួន២ ដែលកំពុងបង្កការក្ដៅក្រហាយ ដល់ប្រជាពលរដ្ឋ។

ការងារនេះបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋ បានផ្ញើរសារធ្វើការរិះគន់ចំៗ ដោយផ្ទាល់តាមរយៈអាខោនហ្វេសប៊ុករបស់លោកអធិការតែម្ដងនោះ គឺមានប៉ុស្តិ៍ចោមចៅទី១ និងចោមចៅទី២ ដែលជាប៉ុស្តិ៍ទើបបំបែកថ្មី។

លោក យឹម សារ៉ាន់ បានចុះទៅកាន់ប៉ុស្តិ៍ទាំង២ខាងលើនោះមុនគេ គឺប៉ុស្តិ៍ចោមចៅទី១ និងចោមចៅទី២ ដោយសារតែប៉ុស្តិ៍ទាំង២នេះ បានបង្កការស្មុគស្មាញច្រើនក្នុងពេលចុះអនុវត្តច្បាប់ចរាចរណ៍ ចាប់ម៉ូតូអត់មួក អត់កញ្ចក់ រួចផាកពិន័យលើសពីសៀវភៅបន្ទុក ហើយគ្មានវិក័យបត្រត្រឹមត្រូវ ជាពិសេសការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារទារលុយ ពីប្រជាពលរដ្ឋជាដើម រហូតធ្វើឲ្យប្រជាពលរដ្ឋមានការក្ដៅក្រហាយ បានផ្ញើរសាររិះគន់ដោយផ្ទាល់តាមរយៈអាខោនហ្វេសប៊ុក របស់លោកអធិការជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះលោក យឹម សារ៉ាន់ បានណែនាំ៣ចំណុចទៅដល់លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ទាំងពីរឲ្យអនុវត្តន៍ ក្នុងនោះទី១ ធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ពេលដែលគាត់ផ្លាស់មក សូមឲ្យពួកគាត់មានលិខិតផ្លាស់ មានថ្ងៃខែឲ្យបានច្បាស់លាស់ថា គាត់ផ្លាស់ទៅនៅឯណាស្រុកណា ខណ្ឌណា ខេត្តណាឲ្យបានច្បាស់លាស់។

ហាមប៉ះពាល់លុយកាក់ពីពួកគាត់ឲ្យសោះ ប៉ុន្តែបើពួកគាត់មានសន្ដានចិត្តអាណិតថា យើងធ្វើការជួយពួកគាត់ ហត់គាត់ផ្ដល់កម្រៃជូនយើងតិចតួច ដោយទឹកចិត្ត យើងទទួលយកចុះ តែបើគាត់អត់ទេ កុំប៉ះពាល់ជាដាច់ខាត។

ជាក់ស្ដែង ថ្ងៃមុនមានមន្ត្រីយោធាម្នាក់ស័ក្ដិ៥ បានប្រាប់ថា ថ្ងៃមុនគាត់យកសៀវភៅគ្រួសារ ទៅធ្វើត្រូវនគរបាលយើងទារលុយមួយចំនួនទើបធ្វើបាន ដូច្នេះការទាលុយបែបនេះ គឺខុសច្បាប់ហើយព្រោះគោលការណ៍មានបានឲ្យយកលុយឯណា។ ទី២ ការអនុវត្តន៍ច្បាប់ចរាចរណ៍ ក៏ដូចគ្នាត្រូវអនុវត្តន៍ទៅតាមគោលការណ៍របស់ថ្នាក់លើ និងអនុវត្តន៍តាមស្ថានការណ៍កុំធ្វើតែចំពោះកម្មករពេកត្រូវធ្វើទូទៅដោយស្មើរភាព។

លោកបានបន្តទៀតថា ទាំងការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងការអនុវត្តចរាចរណ៍ យើងយកលុយគេ គឺពាក់ព័ន្ធទៅនិងអំពើពុករលួយ, ខុសច្បាប់ ព្រោះតែការអនុវត្តន៍ខុសតួនាទីនេះហើយ និងទី៣ ការអនុវត្តន៍វិន័យដែលមន្ត្រីនគរបាលទាំងអស់ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានសមរម្យនិងគោរពពេលវេលា ជាពិសេសគោរពបទបញ្ជាមេកើយ ព្រមទាំងបម្រើប្រជាពលរដ្ឋឲ្យបានល្អ៕