(មណ្ឌលគិរី)៖ បន្ទាប់ពីមានប្រតិកម្មខ្លាំងក្លាពីប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប អាជីវករ និងយុវជនកន្លងមកនេះ នៅថ្ងៃនេះយុវសិស្សខេត្តមណ្ឌលគិរី ក៏បានបង្ហាញការខឹងសម្បារដូចគ្នាចំពោះលោក សម​ រង្ស៊ី ដែលបានចុះកិច្ចព្រមព្រៀង កាត់ទឹកដីខ្មែរ ទៅឱ្យជនជាតិភាគតិចវៀតណាម។ យុវសិស្សបានអះអាងថា ពួកគេនាំគ្នាកើតរឿងមិនសប្បាយចិត្តទេ ចំពោះរឿងនេះ។

យុវសិស្សខេត្តមណ្ឌលគិរី បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប និងជាអ្នករស់នៅក្នុងខេត្តមណ្ឌលគិរីផ្ទាល់ ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ចំពោះការសន្យាកាត់ដីខ្មែរ ទៅឱ្យបរទេស ព្រោះនេះគឺជាទឹកដីកំណើតរបស់យើង»

ការប្រតិកម្មរបស់យុវសិស្សខេត្តមណ្ឌលគិរី បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេលសកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕