(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានលើកបង្ហាញពីលទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា នៃការជួយលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលុបចោលពន្ធ និងការលុបបំបាត់ការបង់កម្រៃចាំបាច់មួយចំនួន។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្នុងគោលដៅដោះស្រាយ នូវការលំបាក ក្តីកង្វល់ និងបំណងប្រាថ្នារបស់ប្រជាជនដូចជា ការលុបចោល នូវការយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖

* ការលុបប័ណ្ណបើកបរ ទោចក្រយានយន្ត
* ការលើកលែងពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ទោចក្រយានយន្ត និង ត្រីចក្រយានយន្ត កម្លាំងក្រោម ១៥០ សេសេ
* ការលុបកម្រៃសេវាសាធារណៈ លើលិខិតបញ្ជាក់កំណើត, លើលិខិតអាពាហ៍ពិពាហ៍ និង លើ ការផ្តល់អត្តសញ្ញាណប័ណ្ណ
* ការបញ្ចុះថ្លៃថាមពលអគ្គិសនី និងទឹកស្អាត
* ការលុបចោលរបបពន្ធម៉ៅការ
* ការដំឡើងកម្រិត អប្បបរមានៃប្រាក់បៀវត្សត្រូវជាប់ពន្ធ
* ការលើកលែងពន្ធប្រថាប់ត្រា ក្នុងរង្វង់សាច់ញាតិ
* ការលុបចោលនូវការបង់ភាស៊ី និងថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ចែង្រ កញ្ជើ ល្អី
* ការអនុញ្ញាតឲ្យឤជីវករ ដែលមានតូប, រាន, ស្តង់ ឬ កន្លែងលក់ដូរដទៃទៀត ទទួលបាននូវសិទ្ធិកាន់កាប់ប្រើប្រាស់ និង ឤស្រ័យផល ហើយឤចផ្ទេរសិទ្ធិនេះបាន ព្រមទាំងការលុបចោលពន្ធសត្តឃាត និង ការគ្រប់គ្រងផ្តាច់មុខនៅក្នុង ឤជីវកម្មសត្តឃាតដ្ឋានជាដើម។ * បាននិងកំពុង តែផ្តល់ជាគុណប្រយោជន៍ ដល់ប្រជាពលរដ្ឋទូទៅជាពិសេស អ្នកមានចំណូលទាបរួមទាំងមន្ត្រីរាជការ, កងកម្លាំងប្រដាប់ឤវុធ, គ្រូបង្រៀន, គ្រូពេទ្យ និងកម្មករ-និយោជិត ក៏ដូចជាដល់អ្នកប្រកបឤជីវកម្មតូចតាចផងដែរ។

ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងថា ភារកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មិនមែនគ្រាន់តែត្រូវផ្តោតលើ ការខិតខំប្រមូល ចំណូលដើម្បីបំពេញបង្គ្រប់ សេចក្តី ត្រូវការចំណាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការគ្រប់គ្រង និង បែងចែកប្រកបដោយប្រសិទ្ធភាព នូវធនធានដ៏កម្ររបស់ជាតិ ដើម្បីបម្រើឲ្យការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច។

លោកថា រដ្ឋាភិបាលបានថ្លឹងថ្លែងប្រមូលចំណូល (ដោយដាក់បន្ទុកពន្ធ) នៅក្នុងកម្រិត ដែលសេដ្ឋកិច្ចឤចទ្រទ្រង់បាន ដើម្បីបង្កើតបរិយាកាសអនុគ្រោះ សម្រាប់ការ វិនិយោគ និងសកម្មភាពធុរកិច្ច។ ទន្ទឹមនេះ ក៏គិតគូរអំពីសមធម៌សង្គម និងការជំរុញកំណើនសេដកិច្ចផងដែរ តាមរយៈការសម្រាលបន្ទុកពន្ធ ដល់ប្រជាពលរដ្ឋដែលមាន ចំណូលទាប និងការវិភាជន៍ចំណាយ ប្រកបដោយវិចារណភាព សំដៅទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយធានាឲ្យបាននូវចីរភាពនៃថវិកាជាតិ។

លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានបន្ថែមទៀតថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់៧%ក្នុងមួយឆ្នាំ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចអនុគ្រោះ ក្នុងបរិការណ៍អតិផរណាទាប និង អត្រាប្តូរប្រាក់ មានស្ថិរភាព ព្រមជាមួយនឹងលទ្ធផលល្អប្រសើរ នៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានធ្វើឲ្យប្រជាជនកម្ពុជា គ្រប់ស្រទាប់ជាន់ថ្នាក់ នៅទូទាំងប្រទេស កាន់តែមានឱកាស ក្នុងការស្វែងរកការងារ និង ក្នុងការបង្កើនប្រាក់ចំណូល។

លោកបញ្ជាក់ថា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធ ទទួលបាននូវប្រាក់ចំណូលកាន់តែខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការអនុវត្តនូវគោល នយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់បៀវត្ស តាមគោលដៅជាង១លានរៀល ឲ្យបាននៅត្រឹមឆ្នាំ២០១៨នេះ ហើយនិវត្តជន ក៏បានទទួលនូវការបង្កើន ប្រាក់សោធន និង របបតាវកាលិកផ្សេងទៀតជាបន្តបន្ទាប់។

ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា កម្មករ-និយោជិត រាប់សែននាក់ ដែលកំពុងតែម្រើការងារ ក្នុងវិស័យឯកជន ក៏ទទួលបាននូវឱកាសក្នុងការបង្កើន ប្រាក់ចំណូល របស់ខ្លួន តាមរយៈគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករ-និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ជារៀងរាល់ឆ្នាំ ដែលនៅឆ្នាំ ២០១៨ ប្រាក់ឈ្នួលអប្បបរមានេះ បានកើនឡើងដល់ចំនួន ១៧០ ដុល្លារឤមេរិក ដោយមិនទាន់គិត ទៅដល់ការទទួលបាននូវអត្ថប្រយោជន៍បន្ថែម ផ្សេងទៀត ពីការអនុវត្តគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល៕