(រតនគិរី)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានប្រកាសតែងតាំងលោក កុល ផាន់ណា ជាប្រធានមន្ទីរព័ត៌មានថ្មីប្រចាំខេត្តរតនគិរី ជំនួសលោក ឆាយ បូរិន ដែលត្រូវផ្លាស់មកបម្រើការងារនៅក្រសួងព័ត៌មាន។

ពិធីប្រកាសតែងតាំងនេះ ប្រព្រឹត្តទៅក្នុងសាលប្រជុំសាលាខេត្តរតនគិរី ដោយមានការចូលរួមពីលោក ថង សាវុន អភិបាលខេត្តរតនគិរី ស្នងការ និងមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទូទាំងខេត្តរតនគិរី។

បន្ទាប់ពីលោក ឆាយ បូរិន អតីតប្រធានមន្ទីរព័ត៌មានខេត្ត អានរបាយការណ៍រួច លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោក ថង សាវុន បានលើកឡើងថា វិស័យព័ត៌មាន គឺជាអ្នកចម្លងនូវរូបភាព និងសូរសំឡេងសព្វសារពើ និងគ្រប់ទីកន្លែងទៅមនុស្សគ្រប់ៗរូប និងគ្រប់ទីកន្លែង ទោះបីជារូបភាពពិត ឬយ៉ាងណាក៏ដោយ ក៏ទិដ្ឋភាពទាំងអស់នោះ បានធ្វើឲ្យគេអាចដឹង ឃើញ និងយល់ដឹងទៅតាមការត្រិះរិះពិចារណារបស់គេម្នាក់ៗ ហេតុនេះដើម្បីផលិតបាននូវព័ត៌មានដែលមានតម្លៃ និងមានសារប្រយោជន៍សម្រាប់មនុស្សទូទៅនោះ ចាំបាច់ណាស់ត្រូវការអ្នកគ្រប់គ្រង និងដឹកនាំខាងវិស័យនេះ ដែលមានភាពឆ្លាតវៃ និងរហ័សរហួនអាចបត់បែន និងឆ្លើយតបបានទាន់ហេតុការណ៍។

ជាងនេះទៅទៀត លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានជំរុញឲ្យមន្ត្រីរាជការក្នុងមន្ទីរព័ត៌មាន ត្រូវមានស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ និងត្រូវបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន។

សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ជូនម៉ាស៊ីនផ្សាយទូរទស្សន៍ ១គីឡូវ៉ាត់ (`១KW) និង DTV ២គ្រឿង សម្រាប់បម្រើការក្នុងវិស័យព័ត៌មានក្នុងខេត្តរតនគិរី៕