(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុនម្នាក់ តាមដីការបស់លោក រៀល សុភិន តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីកំហែងយកប្រាក់ពីប្រជាពលរដ្ឋ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទួន សុវណ្ណា ភេទប្រុស មុខរបរអគ្គនាយកក្រុមហ៊ុន «ប្រតិបត្តិករឥណទានប្រសិទ្ធ» មានទីលំនៅផ្ទះលេខ ៤៥អេហ្វ១ ផ្លូវវត្តអង្គតាមិញ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវវេងស្រេងម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនខ្លួន ជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីរង់ចាំចំណាត់ការរបស់លោក រៀល សុភិន ជាតំណាងអយ្យការកាន់សំណុំរឿង។

គួររំលឹកជូនថា កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ លោក អ៊ុំ សុភក្តិ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ ជនសង្ស័យឈ្មោះ ទួន សុវណ្ណា និងបក្ខពួក ប្រុសស្រីចំនួន៣នាក់ទៀតរួមមាន៖ ឈ្មោះ ឡេង វឌ្ឍនៈ ភេទប្រុស ទីលំនៅផ្ទះលេខ២១ ផ្លូវលេខទី០១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ឈ្មោះ ជាម ច័ន្ទកេណា ភេទប្រុស ទីលំនៅផ្ទះលេខ៤៥សេ ភូមិ០១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន និងឈ្មោះ ទិត សម្បត្តិ ភេទស្រី ផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឲ្យចូលបំភ្លឺពាក់ព័ន្ធ កំហែងយកប្រាក់ និងគំរាមកំហែងប្តឹងបរិហា។

ផ្អែកតាមការអះអាងរបស់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ត្រីម្នាក់វ័យ៦១ឆ្នាំ បានដាក់ពាក្យប្តឹងជនសង្ស័យឈ្មោះ ទួន សុវណ្ណា និងបក្ខពួកទាំង៣នាក់ ដោយបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមជនសង្ស័យ និងបក្ខពួកទាំងនេះ បាននាំគ្នាទៅផ្ទះរបស់លោកស្រី ដោយនិយាយទៅកាន់លោកស្រីថា ពួកគេជាអគ្គនាយករបស់ ស្ថាប័នមីក្រូហិរញ្ញវត្ថុឈ្មោះ «ប្រតិបត្តិករឥណទានប្រសិទ្ធ»

នៅថ្ងៃកើតហេតុនោះ ក្រុមជនសង្ស័យបានប្រាប់លោកស្រីថា កូ​នប្រុសរបស់លោកស្រី ឈ្មោះ ឡេង វិសិដ្ឋ បានធ្វើជាអ្នកធានាឲ្យកូនបំណុលឈ្មោះ ហេង ម៉េងហ៊ត ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្តី និងឈ្មោះ ចន ម៉ូលីន ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធ និងកូនបំណុលម្នាក់ទៀតឈ្មោះ ហេង ឡាលីន ភេទប្រុស អាយុ២៦ឆ្នាំ ដែលបានទៅខ្ចីប្រាក់ពី ស្ថាប័នមីក្រូហិរញ្ញវត្ថុ «ប្រតិបត្តិករឥណទានប្រសិទ្ធ» ចំនួន សរុប១២៣,០០០ដុល្លារ។

ក្រុមជនសង្ស័យ បានបង្គាប់ឱ្យដើមបណ្តឹងដែលជាម្តាយរបស់ឈ្មោះ ឡេង វិសិដ្ឋ ជាអ្នកជួយធានាបំណុល ឱ្យកូនបំណុល៣នាក់ខាងលើ សងប្រាក់ទាំងអស់ ទៅស្ថាប័នស្ថាប័នមីក្រូហិរញ្ញវត្ថុ «ប្រតិបត្តិករឥណទានប្រសិទ្ធ» ជំនួសកូនបំណុល និងកូនប្រុសរបស់ខ្លួន បើមិនដូច្នោះទេ ក្រុមជនសង្ស័យ នឹងប្តឹងបរិហា ដើមបណ្តឹង និងកូនប្រុសជាមិនខាន។

ដោយសារតែដើមបណ្តឹងជាម្តាយរបស់ឈ្មោះ ឡេង វិសិដ្ឋ ដែលជាអ្នកជួយធានាបំណុលឲ្យអ្នកដទៃ មិនបានដឹងរឿងអ្វីសោះ ប៉ុន្តែត្រូវក្រុមជនសង្ស័យទៅ គំរាមកំហែង និងគំរាមប្តឹង បែបនេះ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹង ក្រុមជនសង្ស័យទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ឱ្យតែម្តងទៅ៕