(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានការបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការនូវ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥» ដែលជាឯកសារយ៉ាងសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការអនុម័តឯកសារយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គឺជាស្នូលនៃកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំឡើង ដោយធានាបានដ៏ពេញលេញនូវភាពជាម្ចាស់របស់កម្ពុជា និងមានលក្ខណៈជាក់ស្តែងនិយម ស្របទៅតាមបរិការណ៍របស់កម្ពុជា ក្នុងគោលដៅប្រែក្លាយថវិកា ឱ្យទៅជាឧបករណ៍គោលនយោបាយ ប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍប្រទេស។

ថ្លែងក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចបានក្នុងរយៈពេលប្រមាណជាង១៣ឆ្នាំកន្លងមក ពោលគឺចាប់តាំងពីឆ្នាំ២០០៤មក។ ជាពិសេសចំពោះ វឌ្ឍនភាពថ្មីៗ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដែលការកែទម្រង់ ស្ថិតក្នុងសភាពការណ៍ប្រែប្រួលឆាប់រហ័ស, ទាំងនៅក្នុង និងក្រៅប្រទេស, ដែលហៅថា សភាពការណ៍ចល័ត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា នៅក្នុងដំណើរនៃការដឹកនាំប្រទេសជាតិក្នុងរយៈពេលកន្លងមក, សម្តេចបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើនូវគោលដៅយុទ្ធសាស្ត្រគន្លឹះចំនួន៣រួមមាន៖ ទី១៖ ការដឹកនាំចលនាតស៊ូរំដោះប្រជាជន និងប្រទេស ឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទី២៖ ការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិល ត្រឡប់មកវិញ និងការឈានទៅបញ្ចប់សង្គ្រាមស៊ីវិល ដើម្បីស្វែងរកសន្តិភាពពេញលេញ ជូនប្រជាជន និងប្រទេសជាតិ និងទី៣៖ ការបណ្តុះបណ្តាល, ពង្រឹង និង ពង្រីកវប្បធម៌សន្តិភាព និង ការការពារឱ្យបានដាច់ខាត នូវសុខសន្តិភាព និងសណ្តាប់សង្គម ដែលសម្រេចបានមកដោយលំបាកលំបិនជាទីបំផុតនេះ ដើម្បីសម្រេចបាន នូវគោលដៅនៃការអភិវឌ្ឍប្រទេស និង វឌ្ឍនភាពសង្គម។

សម្តេចតេជោបានថ្លែងថា គោលដៅជាយុទ្ធសាស្ត្រពីរខាងដើម សម្តេចបានសម្រេចបានរួចហើយ តាំងពីដើមទស្សវត្សរ៍ ឆ្នាំ២០០០ ហើយពេលនេះ កំពុងតែស្ថិតក្នុងដំណើររួមគ្នា ជាមួយនឹងប្រជាជាតិកម្ពុជាទាំងមូល ឆ្ពោះទៅសម្រេចឱ្យខានតែបាន នូវគោលដៅ យុទ្ធសាស្ត្រ ទី៣ចុងក្រោយ ដែលជាបុព្វហេតុរួមសម្រាប់កសាងអនាគតរុងរឿងនៃប្រទេសជាតិ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា នៅក្នុងការងារដឹកនាំជំរុញការអភិវឌ្ឍប្រទេស, សន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបានចាត់ទុកជា បុព្វលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុតនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ ជំរុញឱ្យមានវឌ្ឍនភាព, ការអភិវឌ្ឍ និង វិបុលភាព នៅក្នុងសង្គមជាតិ ។ នៅក្នុងឤណត្តិនេះ, កម្ពុជាសម្រេច បាននូវបង្គោលចរដ៏សំខាន់មួយក្នុងការអភិវឌ្ឍ ពោលគឺ ការប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាបទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប, ហើយកំពុងធ្វើដំណើរឆ្ពោះទៅសម្រេចការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅក្នុងពេលខាងមុខ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្ថែមថា សក្កានុពលសេដ្ឋកិច្ចកម្ពុជា ត្រូវបានទទួលស្គាល់ និង ចាត់ទុកថាជា ខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់ឤស៊ី។ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការ និងជាឧបករណ៍មិនឤចខ្វះបាន សម្រាប់ការខិតខំដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ថ្វីត្បិតការត្រួតពិនិត្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តែងតែត្រូវបានរៀបចំជាប្រចាំឆ្នាំ និងតាមដំណាក់កាលនីមួយៗនៃកម្មវិធីកែទម្រង់ ប៉ុន្តែកិច្ចប្រជុំលើកនេះ ក៏ជាការបូកសរុបវឌ្ឍនភាព រយៈពេល៥ឆ្នាំផងដែរ ដែលស្របគ្នានឹងការបញ្ចប់ឤណត្តិទីប្រាំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះសម្តេចតេជោ បានធ្វើការកត់សម្គាល់ ក៏ដូចជាការវាយតម្លៃមួយចំនួន ចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដូចខាងក្រោម៖

ទី១៖ ការសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ចីរភាពនៃហិរញ្ញវត្ថុសាធារណៈ ដែលរួមមានជាឤទិ៍ ការធានាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងរង្វង់៧%; ការរក្សាបាននូវអត្រាអតិផរណាប្រចាំឆ្នាំទាប ក្នុងរង្វង់៣% ជាមួយនឹងអត្រាប្តូរប្រាក់មានស្ថិរភាព ក្នុងរង្វង់ ៤.០០០ រៀល/ដុល្លារសហរដ្ឋឤមេរិក, ការគ្រប់គ្រងបាននូវ ឱនភាពថវិកាប្រចាំឆ្នាំនៅក្នុងកម្រិតក្រោម៥% នៃផសស និង ការគ្រប់គ្រងបំណុលសាធារណៈបានល្អប្រសើរ។ លើសពីនេះ, ការគ្រប់គ្រងថវិកាជាតិក៏កាន់តែមានប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, សុក្រឹតភាព, តម្លាភាព និង គណនេយ្យភាពល្អប្រសីរជាងមុន ដែលប្រការនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃ ការផ្តល់សេវាសាធារណៈ និង ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយគុណភាព, ហើយបានផ្តល់នូវ បច្ច័យវិជ្ជមាន ដល់ការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅប្រជាពលរដ្ឋ និង បានរួមចំណែកកាត់បន្ថយភាព ក្រីក្រ បានច្រើនជាង ១% ក្នុងឆ្នាំៗ ។

ទី២៖ ការសម្រេចបាននូវភាពជឿទុកចិត្តពេញលេញនៃថវិកាជាតិ ដែលឆ្លុះបញ្ជាំងឡើងតាមរយៈការធានា បាននូវអតិរេកសាច់ប្រាក់ជាប្រចាំ, ការកើនឡើងនៃប្រាក់បញ្ញើររបស់រាជរដ្ឋាភិបាល និង ការបើកផ្តល់ប្រាក់បៀវត្ស ដែលមានកំណើនជាលំដាប់ នៅរាល់សប្តាហ៍ទី ៤នៃខែនីមួយៗ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រសួង- ស្ថាប័នពាក់ព័ន្ធ, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ក្នុងការពង្រឹងយន្តការប្រមូលចំណូល ដែលត្រូវបានកែលម្អ ឱ្យកាន់តែមានប្រសិទ្ធខ្ពស់ ដោយមិនបានពង្រីកមុខសញ្ញា ឬ បង្កើតប្រភេទពន្ធថ្មីៗឡើយ ប៉ុន្តែលើសពីនេះ, ថែមទាំងបានលុបចោលនូវប្រភេទពន្ធ ឬកែសម្រួលកាត់បន្ថយនូវអត្រាពន្ធ និង ចំណូលមិនមែនសារពើពន្ធមួយចំនួន ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងផ្តល់ការលើកទឹកចិត្តផ្អែកសារពើពន្ធដល់សកម្មភាពធុរកិច្ច និង ការវិនិយោគនៅកម្ពុជា។

ទី៣៖ ការឆ្លើយតបបានទៅនឹងឤទិភាពរបស់រាជរដ្ឋាភិបាល និងសំណូមពរថ្មីៗរបស់ប្រជាជន ពោលគឺរាជរដ្ឋាភិបាលមានលទ្ធភាពឆ្លើយតបទៅនឹង សំណូមពរកាន់តែខ្ពស់របស់ប្រជាជន ស្របទៅតាមការកើនឡើងនូវ សមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ជាតិ រួមមាន៖ ការឆ្លើយតបទាន់ពេលវេលាទៅនឹងសភាពការណ៍បន្ទាន់នានា ជាឤទិ៍គ្រោះធម្មជាតិ, វិបត្តិនៅតាមបន្ទាត់ព្រំដែន, និង តម្រូវការអន្តរាគមន៍ភ្លាមៗក្នុងវិស័យ ស្រូវ/អង្ករ; ការពង្រីកវិសាលភាពនៃការគាំពារផ្នែកសង្គម, ទាំងក្នុងក្របខណ្ឌមន្ត្រីរាជការសាធារណៈ និង ក្នុង ចំណោមកម្មករ, ទាំងក្នុង និង ក្រៅប្រព័ន្ធ; ការវិនិយោគលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមការចាំបាច់; ការដកហូតយកមកគ្រប់គ្រងវិញ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងរូបភាពជាដៃគូរដ្ឋ និង ឯកជន ដើម្បីឆ្លើយតប ទៅនឹងសំណូមពរនៃការសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្នុងទិសដៅឆ្លើយតបទៅនឹង តម្រូវការចាំបាច់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាដើម ៘

ទី៤៖ ការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជា ក្របខណ្ឌមួយ សម្រាប់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ឤចពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែល្អប្រសើរថែមទៀត រួមទាំង ការកាត់បន្ថយចំណាយក្រៅផ្លូវការ ពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុផងដែរ ។ ការសម្រេចចិត្តដ៏គន្លឹះមួយនៃ ការបើកប្រាក់បៀវត្ស និងប្រាក់សោធនតាមប្រព័ន្ធធនាគារ ឤចឱ្យយើងបញ្ចប់បានទាំងស្រុងនូវបញ្ហារ៉ាំរ៉ៃនៃចំណាយ ក្រៅផ្លូវការ និង ភាពយឺតយ៉ាវពាក់ព័ន្ធនឹងការបើកផ្តល់ប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការសាធារណៈ និងប្រាក់សោធនសម្រាប់និវត្តជន។

ទី៥៖ ការដាក់ចេញនូវទិសដៅ និងសកម្មភាពច្បាស់លាស់ ក្នុងការងារកែទម្រង់ ដោយជំរុញការអនុវត្តជាប្រចាំ ប្រកបដោយអភិក្រមទន់ភ្លន់, ភាពប្រាកដនិយម និង ភាពជាម្ចាស់ខ្ពស់។ ក្នុងគោលដៅតម្រង់ទិសនៃសកម្មភាពកែទម្រង់សម្រាប់រយៈពេល វែងទៅមុខ, រាជរដ្ឋាភិបាលអនុម័តឯកសារយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែលឯកសារនេះ គឺជាស្នូលនៃកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់យើង សម្រាប់ដំណាក់ទី ៣ ឈានចូលទៅដំណាក់កាលទី ៤ បន្តទៀត ហើយត្រូវបានរៀបចំឡើង ដោយធានាបានដ៏ពេញលេញនូវភាពជាម្ចាស់របស់កម្ពុជា និងមានលក្ខណៈជាក់ស្តែង និយម ស្របទៅតាមបរិការណ៍របស់កម្ពុជា ក្នុងគោលដៅប្រែក្លាយថវិកាឱ្យ ទៅជាឧបករណ៍គោលនយោបាយ ប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងឈានដល់ជំហាន និងដំណាក់កាលចុងក្រោយ គឺ «គណនេយ្យភាពសមិទ្ធកម្ម» ដែលតម្រូវឱ្យមានការចូលរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាពរៀងៗខ្លួន ដោយបុរេសកម្ម និង គណនេយ្យភាព។

សម្តេចបានបន្តថា ក្នុងការបន្តអនុវត្តកម្មវិធីនេះ សម្តេចសូមឱ្យគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្តប្រកាន់ខ្ជាប់នូវស្មារតី នៃភាពប្រាកដនិយម និងភាពជាម្ចាស់ខ្ពស់ ព្រមទាំងអភិក្រមទន់ភ្លន់, តែហ្មឹងម៉ាត់នៅក្នុងការអនុវត្ត ស្របតាម គោលការណ៍ «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់» ដោយផ្តោតការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

ទី១៖ ការបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមក្រសួង-ស្ថាប័ន ។ រដ្ឋមន្ត្រី និងប្រធានស្ថាប័ន ត្រូវមានភាពជាម្ចាស់ ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល។ ការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការពុះពារសម្រេចឱ្យបាននូវគោលបំណង និង បេសកកម្មរបស់ក្រសួង-ស្ថាប័ន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ដោយគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការងារដែលត្រូវ តាមដាន និង ត្រួតពិនិត្យការអនុវត្តជាប្រចាំ។ ដោយគ្រប់ក្រសួង-ស្ថាប័ន ត្រូវផ្តោតឤទិភាពទៅលើ ការពង្រឹងភាពជាអ្នកដឹកនាំ និង រចនាសម្ព័ន្ធគ្រប់គ្រង ស្របគ្នានឹងការពង្រឹងសមត្ថភាព និង ការប្រើប្រាស់ ឱ្យបានត្រឹមត្រូវនូវធនធានមន្ត្រីរាជការនៅក្រោមឱវាទ សំដៅកែលម្អសមិទ្ធកម្មនៅក្នុងការអនុវត្ត ។

ទី២៖ ការផ្តល់ការលើកទឹកចិត្តដល់ ក្រុមការងារកែទម្រង់នៅតាមក្រសួង-ស្ថាប័ន។ រាជរដ្ឋាភិបាលបាន សម្រេចដាក់ចេញរួចហើយ នូវវិធានការ និង យន្តការ ផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន ដោយផ្អែកលើលទ្ធផលការងារនៃការកែទម្រង់។ ដោយសម្តេចណែនាំឱ្យគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាប្រធានស្ថាប័ន និង ក្រុមការងារកែទម្រង់នៅតាមគ្រប់ក្រសួង-ស្ថាប័ន ជំរុញអនុវត្តការងារនេះ យ៉ាងសកម្មក្លៀវក្លា និង ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។

ទី៣៖ ការបន្តពង្រឹងយន្តការសម្របសម្រួល និង ភាពប្រទាក់ក្រឡាគ្នារវាងការកែទម្រង់ទាំង៣ ដែលរួមមាន៖ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ។ អភិបាលកិច្ចល្អ ត្រូវការសមាសធាតុទាំង៣ គឺ៖ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព, ធនធានមនុស្សប្រកបដោយគុណភាព និងការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ ។ ដោយត្រូវចាំបាច់រក្សាឱ្យបាន នូវសង្គតិភាពនៃកម្មវិធីកែទម្រង់ទាំង៣នេះ, ទាំងក្នុងទិដ្ឋភាពក្របខ័ណ្ឌរួម, ទាំងក្នុងទិដ្ឋភាពនៃការអនុវត្ត, សំដៅ ធានាឱ្យបាននូវសុខដុមភាព, ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមក។ ប្រសិនបើការកែទម្រង់ទាំង ៣ ស្ថិតនៅក្នុងទិសដៅផ្ទុយគ្នា និង មានល្បឿនខុសគ្នា, នោះប្រសិទ្ធភាពនៃការអនុវត្តកម្ម វិធីកែទម្រង់នីមួយៗ ក៏នឹងមានកំណត់ដែរ ។

ទី៤៖ ការយកចិត្តទុកដាក់ខ្ពស់ ដល់ការអនុវត្ត «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨- ២០២៥»។ ចំណុចស្នូល ឬ ឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ គឺ ការកែទម្រង់ប្រព័ន្ធថវិកាជាតិ សំដៅប្រែក្លាយថវិកាឱ្យទៅជាឧបករណ៍ ប្រកបដោយប្រសិទ្ធភាព សម្រាប់ធានា សម្រេចបាននូវគោលបំណងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការកៀរគរធនធានរបស់ជាតិ ប្រកប ដោយចីរភាព និង ការវិភាជធនធានទាំងនោះ សម្រាប់បម្រើឱ្យគោលដៅនៃការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាពខ្ពស់។ ឤស្រ័យហេតុនេះ, យើងត្រូវក្តាប់ឱ្យជាប់នូវឱកាស និង បង្កើតលក្ខខណ្ឌល្អប្រសើរ ដើម្បី ជំរុញអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ទៅតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា ឱ្យសម្រេចបានជោគជ័យ តាមការគ្រោងទុក។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ការកោតសសើរ និងអំណរគុណ ចំពោះ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លោក លោកស្រី ជារដ្ឋមន្ត្រីក្រសួង និងប្រធានស្ថាប័ន, ព្រមទាំងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ទាំងអស់ និង ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ ក្នុងការដឹកនាំ និងសហការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយឆន្ទៈក្លៀវក្លា ព្រមទាំងស្មារតីនៃភាពជាម្ចាស់ និង ការទទួលខុសត្រូវ ខ្ពស់ រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ៕