(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះថា ក្រសួងមហាផ្ទៃនឹងចាត់វិធានការក្តៅចំពោះក្រុម លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បើហ៊ានធ្វើសកម្មភាពបង្កការអុកឡុក ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅខែកក្កដា ខាងមុខនេះ។

ការអះអាងអំពីវិធានការក្តៅនេះ បានធ្វើឡើងបន្ទាប់ពី ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុង​មាន​វត្តមាន​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី បានព្រមាន​ជាថ្មី​ថា ចលនា​ងើប​បះបោរ​នឹង​កើតមានឡើង​នៅ​កម្ពុជា ប្រសិនបើ​ពុំ​មាន​វត្តមាន​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិនៅថ្ងៃទី២៩ ខែ​កក្កដា ខាងមុខនេះ​។

សូមបញ្ជាក់ថា ដើម្បីការពារដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅខែកក្កដា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់កម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងនគរបាលជាតិ កម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងកងរាជអាវុធហត្ថ សរុបរហូតដល់៨ម៉ឺននាក់ ​រួមទាំងមានកម្លាំងប្រជាការពារប្រមាណ២ម៉ឺននាក់ផងដែរ។

ជាមួយគ្នានេះ គ.ជ.ប បានដាក់ចេញនូវផែនការ៥ចំណុច ដល់គណៈកម្មការរបស់ខ្លួនតាមរាជធានី-ខេត្ត ដើម្បីធានាការពារសនិ្តសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះផងដែរ៕