(កំពង់ធំ)៖ ក្រោយព្រឹត្តិការណ៍សង្រ្កាន្ត រយៈពេល៣ថ្ងៃ ដែលប្រារព្ធឡើងនៅតំបន់ប្រាសាទសំបូរព្រៃគុករួចមក លោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមគ្នាជាមួយមន្ត្រីរាជការនៅតាមមន្ទីរ-អង្គភាពនានា ប្រជាពលរដ្ឋ និងយុវជនជាច្រើននាក់ បានចូលរួមសម្អាតបរិស្ថាន នៅបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ។

លោក សុខ លូ បានបំផុសស្មារតីដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋថា រមណីយដ្ឋានស្អាត មានអនាម័យល្អ មិនត្រឹមតែធ្វើឲ្យកន្លែងកម្សាន្តមានខ្យល់បរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងធ្វើភ្ញៀវទេសចរចូលរួមទស្សនា មានការកើនឡើង និងគ្រប់ៗគ្នាមានផាសុកភាពទៀតផង ជាពិសេសលើកស្ទួយកិត្តិយសប្រទេសជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន តាមរយៈកំណើនភ្ញៀវទេសចរផងដែរ។ ដើម្បីទទួលបានជោគជ័យក្នុងវិស័សទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការធ្វើឲ្យរមណីយដ្ឋានស្អាត សេវាមានគុណភាពល្អ និងសុវត្ថិភាពខ្ពស់។

ជាមួយគ្នានោះ លោក សុខ លូ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ចូលរួមសម្អាតបរិស្ថានឲ្យបានសស្រាក់សស្រាំទាំងអស់គ្នា រាល់កាកសំណល់ត្រូវមានការវេចខ្ចប់ យកទៅដាក់ក្នុងធុងសំរាមដែលនៅជិត ដើម្បីធានានូវគុណភាពបរិស្ថាន សោភ័ណភាពរមណីយដ្ឋាន និងសុខភាពសាធារណៈ។

ខណៈនោះ លោកអភិបាលខេត្តក៏បានលើកឡើង នូវពាក្យស្លោកដាស់តឿនមួយឃ្លាថា «យើងទាំងអស់គ្នាស្រឡាញ់បរិស្ថាន ត្រូវតែផ្តើមចេញពីខ្លួនយើងម្នាក់ៗ»