(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានអះអាងថា ប្រសិនបើសម្តេចតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសកម្ពុជាតទៅទៀត ខេត្តកំពតនឹងរៀបចំឲ្យមានរមណីយដ្ឋានល្អៗ និងមានតំបន់ឆ្នេរកម្សាន្តឲ្យដូចខេត្តទេសចរណ៍ដទៃដែរ ជាពិសេសដូចជាខេត្តព្រះសីហនុជាដើម។

លោកអភិបាល ជាវ តាយ ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសលោកចូលរួមក្នុងកម្មវិធីសង្ក្រាន្តខេត្តកំពត រយៈពេល៣ថ្ងៃ ដោយក្នុងនោះលោកបានលើកឡើងថា «ប្រសិនបើសម្តេចតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រីនោះ កំពតសង្ក្រាន្តនឹងប្រារព្ធធ្វើរាល់ឆ្នាំ ឲ្យកាន់តែធំ កាន់តែសប្បាយ កាន់តែល្អឲ្យប្រសើរជាងនេះទៀត»

កម្មវិធីសង្ក្រាន្តកំពត រយៈពេល៣ថ្ងៃនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តសរុបចំនួន ១៣៤,៩៣០នាក់ កើនឡើង ៤៥.២១% បើប្រៀបធៀបនឹងឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរក្នុងស្រុកមានចំនួន ១៣១,៨៥១នាក់ កើនឡើង ៤៤.៦២% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣,០៧៩នាក់ កើនឡើង ៧៦.៦២%។

ចំពោះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ទូទាំងខេត្ត រយៈពេល៣ថ្ងៃដូចគ្នានេះដែរ គឺមានភាពល្អប្រសើរ គ្មានអំពើហិង្សា ចោរកម្មអ្វីឡើយ ចំណែកការកកស្ទះចរាចរណ៍ក៏គ្មានដូចមុនដែរ ព្រោះរដ្ឋបាលខេត្ត និងកម្លាំងសមត្ថកិច្ច បានសហការគ្នារៀបចំកន្លែងចតយានជំនិះបានយ៉ាងត្រឹមត្រូវ និងបានធ្វើចរាចរណ៍បញ្ជៀសការកក់ស្ទះជាច្រើនកន្លែង ទាំងពេលថ្ងៃ និងពេលយប់។

លោកអភិបាលខេត្ត បានបង្ហាញនូវមោទនភាព នៃការសាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ដែលនាំមកភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិសេសកម្មវិធីសង្ក្រានកំពត រយៈពេល៣ថ្ងៃនេះ ព្រោះនេះជាលើកទី១ហើយ ដែលរដ្ឋបាលខេត្តកំពតបានរៀបចំកម្មវិធីធំមួយនេះ៕