(ព្រៃវែង)៖ ខណៈកំពុងជួបជុំកម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋនៅខេត្តព្រៃវែង នាឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃនោះ ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង បានក្រើនរំឭកដាស់តឿនដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនីថា ការដែលមានជីវភាពសម្បូរសម្បាយ មានឱកាសកម្សាន្តសប្បាយក្នុងថ្ងៃបុណ្យចូលឆ្នាំនេះ ក៏ដោយសារស្រុកទេសមានសន្តិភាព មានស្ថិរភាពពេញលេញ ដូច្នេះដើម្បីឲ្យស្នាមញញឹមរីករាយនេះបន្តទៅមុខទៀត ចូរខិតខំថែរក្សាឱកាសដ៏មានតម្លៃនេះឲ្យខាងតែបាន។

លោក ញឹម វណ្ណដា បានលើកឡើងថា នេះជាពេលវេលាដ៏រីករាយសម្រាប់កម្មករ-កម្មការិនី ដែលធ្វើការនៅតាមបណ្តារោងចក្រនានា ពិសេសរោងចក្រនៅរាជធានីភ្នំពេញ បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ញ៉ាំងឲ្យការរីករាយកាន់តែរីករាយទ្វេឡើងថែមទៀត។

ភាពសប្បាយបែបនេះ ក៏អាស្រ័យស្រុកទេសមានសុខសន្តិភាពផងដែរ។ ផ្ទុយទៅវិញ បើប្រទេសមានសង្គ្រាមដូចកាលពីប៉ុន្មានឆ្នាំមុន កុំថាឡើយបានសប្បាយនៅពេលបុណ្យចូលឆ្នាំ សូម្បីតែការរស់នៅប្រចាំថ្ងៃក៏មិនសូវជាបានសុខប៉ុន្មានដែរ។ ដូច្នេះពលរដ្ឋទាំងអស់គ្នាត្រូវតែគិតគូរឲ្យបានខ្ពស់បំផុត ក្នុងការថែរក្សាសន្តិភាព ការអភិវឌ្ឍ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មបំផុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមិនត្រូវចាញ់ឧបាយកលអវិជ្ជមាន ដែលអាចនាំប្រទេសជាតិវិលត្រឡប់ទៅរកសង្គ្រាមហិនហោចជាថ្មីម្តងទៀតឡើយ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា បើនិយាយអំពីកម្មករ-កម្មការិនីវិញ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ពិតជាបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយរាជរដ្ឋាភិបាលបានគិតគូរខ្ពស់ ទាំងបញ្ហាប្រាក់ខែ ប្រាក់អត្ថប្រយោជន៍នានា បញ្ហាសុខភាព ពិសេសកម្មការិនីកំពុងមានផ្ទៃពោះ និងនៅពេល និងក្រោយពេលសម្រាល និងបញ្ហាសុវត្ថិភាពការងារជាដើម។

ដូច្នេះកម្មករ-កម្មការិនីមិនគួរធ្វើអ្វីៗទៅតាមការញុះញង់របស់បុគ្គល ឬក្រុមមួយចំនួន ដែលនាំឲ្យប៉ះពាល់ដល់ឆ្នាំងបាយរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ គួរខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីទទួលបានប្រាក់កម្រៃយកមកជួយដល់ក្រុមគ្រួសារ ធ្វើឲ្យជីវភាពគ្រួសារមានការប្រសើរឡើង ទើបជាការប្រសើរជាងការដែលនាំគ្នាទៅធ្វើបាតុកម្ម កូដកម្មនៅមុខរោងចក្រ ឬនៅតាមដងផ្លូវនោះ៕