(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ បាននាំយកអំណោយចែកជូនដល់គ្រួសារសពកុមារចំនួន ៣នាក់ ដែលរងគ្រោះដោយលង់ទឹកស្លាប់ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

កុមាររងគ្រោះខាងលើមានឈ្មោះ៖ ទី១.ឈ្មោះ ម៉ូវ គឹមឡាយ អាយុ១២ឆ្នាំ ទី២.ឈ្មោះ មឿត អារីយ៉ា អាយុ១០ឆ្នាំ និងទី៣.ឈ្មោះ មឿត សូលីតា អាយុ៦ឆ្នាំ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានសម្តែងនូវសមានចិត្តអាណិតអាសូរជាពន់ពេកដល់កុមារទាំង៣នាក់ ដែលជួបគ្រោះអាក្រក់ស្លាប់ទាំងវ័យក្មេង ខណៈឱពុកម្តាយកំពុងពេញស្រលាញ់បែបនេះ ហើយលោកបានបួងសួងសូំឲ្យវិញ្ញាណក្ខន្តសព បានទៅកាន់សុខគតិភព។

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ​ក៏នចូលបច្ច័យសម្រាប់ពិធីបុណ្យសពនូវថវិកាចំនួន ៨០០ដុល្លារអាមេរិក​ និងបានផ្តល់អំណោយជូនដល់លោកតា លោកយាយ​ ប្រជាពលរដ្ឋចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល៕