(កណ្តាល)៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍សង្រ្កាន្ត Skyland 7NG មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង១០ម៉ឺននាក់ បានមកទស្សនា កម្សាន្តសប្បាយ ប្រកបដោយក្តីរីករាយ និងពោរពេញដោយស្នាមញញឹមគ្រប់ៗគ្នា។ នេះបើតាម ឧកញ៉ា ស្រី ចាន់ថន នាយកក្រុមហ៊ុន Skyland ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ​Fresh News នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ។

លោកឧកញ៉ា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋទាំងអស់ ដែលមកពីតំបន់ជុំវិញ Skyland 7NG មានភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលក្រុមហ៊ុន Skyland 7NG បានរៀបចំកម្មវិធីសប្បាយ និងបង្កើតឱ្យមានកម្មវិធីសង្ក្រាន្តនេះឡើង មានប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត គិតត្រឹមថ្ងៃទី១៧ ខែមេសានេះ មានអ្នកចូលរួមចំនួនជាង១០ម៉ឺននាក់»

លោកឧកញ៉ា ស្រី ចាន់ថន បានបន្តថា ចំពោះសន្តិសុខសុវត្ថិភាព រហូតមកដល់ថ្ងៃនេះ ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ដោយមានកម្លាំងសមត្ថកិច្ច ការពារសន្តិសុខបានល្អ ដោយយើងមានកន្លែងផ្តល់ព័ត៌មានអំពីការងារសន្តិសុខដូចជា៖ ផ្តល់លេខទូរស័ព្ទទំនាក់ទំនង ទៅសមត្ថកិច្ច ខណៈដែលមានករណីលួច ឆក់កើតឡើងពោល គឺដើម្បីធ្វើយ៉ាងណាឱ្យសង្ក្រាន្ត Skyland 7Ng នេះប្រព្រឹត្តិទៅមានភាពសប្បាយរីករាយ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីសង្ក្រាន្ត Skyland 7NG នេះ មានការលេងល្បែងប្រជាប្រិយជាច្រើន និងមានការប្រគំតន្ត្រីរាំលេងកំសាន្តបានរៀបចំដាក់ពាងទឹក សម្រាប់ប្រជាពលរដ្ឋលេងផងដែរ ហើយក្រុមហ៊ុនបានសហការជាមួយសហភាពសហព័ន្ធយុវជនម្ពុជាខេត្ត បង្កើតសង្ក្រាន្ត និងមានការរៀបចំស្តង់តាំងពិព័រណ៍នូវមុខទំនិញ របស់របរបែបខ្មែរ ដែលជាការផលិតពីស្នាដៃកូនខ្មែរពិតៗផងដែរ៕