(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨» ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប។

ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៣ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីរាជការមកពីតាមក្រសួង ស្ថាប័ននានា លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត យុវជន និងមហាជនខ្មែរយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៦ ដែលសហភាពសហព័ន្ធ រួមជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរសាទរនូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ធ្វើឡើងក្រោមប្រធានបទ «សាទរមរតកដូនតា»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ សម្តេចមានភាពសប្បាយរីករាយខ្លាំងណាស់ ដែលបានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ដែលជាឆ្នាំទី៦

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ទាំងទេវតាឆ្នាំថ្មី និងឆ្នាំចាស់ នឹងផ្តល់ពរជ័យដល់ជាតិកម្ពុជា, Fresh News & Radio កំពុងផ្សាយផ្ទាល់

* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាសង្ក្រាន្តនៅតាមបណ្តាខេត្តនានា គឺជាឱកាសបង្ហាញនូវមរតកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្មែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាព្រឹត្តិការណ៍នៃការជួបគ្នារវាងមនុស្ស ជាមួយសម្បត្តិវប្បធម៌អរូបិយ និងរូបិយ,

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនរុញរាក្នុងការគាំទ្រ និងផ្តល់ឱកាសដល់យុវជនក្នុងការធ្វើការ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិនោះឡើយ,

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែឆ្ងល់ និងចោទសួរខ្លួនឯងថា តើបុព្វបុរសខ្មែរកសាងអង្គរតាមរបៀបណា គ្រាដែលក្នុងសម័យនោះ មិនមានគ្រឿងចក្រអ្វីទាំងអស់នោះ។ សម្តេចនាយករដ្ឋមន្ត្រីថា នឹងបន្តរក្សាការពារនូវសម្បត្តិវប្បធម៌ទាំងអស់ ដែលបន្សល់ពីដូនតារបស់ខ្មែរ។

* សម្តេចតេជោ បញ្ជាក់ថា នឹងបន្តដាក់ប្រាង្គប្រាសាទរបស់ខ្មែរដទៃទៀតជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីទទួលបានការចូលរួមយកចិត្តទុក ដាក់ពីឆាកអន្តរជាតិ

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការជម្នះរបស់សម្តេចក្នុងការបើកជើងហោះហើរទៅកាន់ទីក្រុងសៀមរាប ដែលពេលនោះមានការតវ៉ាច្រើន ពីប្រតិបត្តិករផ្នែកទេសចរណ៍។ សម្តេចតេជោ ថ្លែងថា បើសម្តេចមិនជម្នះការប្រឆាំងនេះទេ នឹងមិនអាចឲ្យទីក្រុងសៀមរាបក្លាយជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញនេះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុននាពេលថ្មីៗនេះ គឺសម្តេចបានរៀបចំម្ហូបអាហារខ្មែរទាំងអស់ ទទួលលោករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា មិត្តភក្តិបរទេសទាំងអស់អាចទទួលទាននូវម្ហូបអាហាររបស់ខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើជំរុញឲ្យបានខ្លាំងក្លាថែមទៀត ក្នុងផ្គត់ផ្គង់កសិផលខ្មែរទៅក្នុងវិស័យទេសចរណ៍។

* សម្តេចតេជោ បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការបង្ហាញឲ្យឃើញពីស្មារតីនៃការរួបរួមរវាងខ្មែរ និងខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ចូលឆ្នាំថ្មីប្រពៃណីជាតិនាឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរកំពុងតែបាននិងកំពុងជួបជុំ និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ សម្តេចតេជោថា ភាពសប្បាយរីករាយទាំងនេះ មិនអាចកើតមានឡើយប្រសិនបើមានភ្លើងសង្គ្រាម។

* សម្តេចតេជោ បានថ្លែងថា គ្មានការសប្បាយរីករាយណាមួយអាចកើតមានក្រោមសំឡេងគ្រាប់កាំភ្លើងនោះទេ, សម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែចាត់ទុកសុខសន្តិភាព គឺជាបញ្ហាចម្បងរបស់កម្ពុជា ហើយទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នាធានាឲ្យបាននូវសុខសន្តិភាព និងត្រូវប្រាកដថាភ្លើងសង្គ្រាមដូចពីអតីតកាលមិនវិលមកបំផ្លាញកម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ចូលឆ្នាំថ្មីប្រពៃណីជាតិនាឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរកំពុងតែបាននិងកំពុងជួបជុំ និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ សម្តេចតេជោថា ភាពសប្បាយរីករាយទាំងនេះ មិនអាចកើតមានឡើយប្រសិនបើមានភ្លើងសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៤យ៉ាងដែលនាំឲ្យប្រជាពលរដ្ឋបានលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ រួមមាន៖ សុខសន្តិភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ និងប្រាក់ចំណូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុង១ខែ កម្ពុជានាំចូលម៉ូតូជាង ៥ម៉ឺនគ្រឿង។

* ក្នុងឱកាសបុណ្យឆ្នាំថ្មីពីលើវេទិកាបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តសម្តេចតេជោ ហ៊ុន សែន បានថ្វាយព្រះពរមហាក្សត្រខ្មែរ សម្តេចម៉ែ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធ កងទ័ពមួកខៀវនៅក្រៅក្រ ព្រមទាំងជនរួមជាតិទាំងអស់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩៖១៩នាទី នាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕