(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ពេញមួយថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន៥ករណី នៅស្រុកព្រៃឈរ ស្រុកចំការលើ និងក្រុងកំពង់ចាម។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមេសានេះថា ប្រតិបត្តិការទាំង៥ករណីនេះ ឃាត់ខ្លួនជនសង្ស័យបាន៩នាក់ នៅស្រុកព្រៃឈរ០១ករណី ស្រុកចំការលេី០៣ករណី ក្រុងកំពង់ចាម០១ករណី។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលជំនាញ ដកហូតបាន ម្សៅក្រាមពណ៌សថ្នាំញៀន១៤កញ្ចប់ (ធំ០៨កញ្ចប់ និងតូច០៦កញ្ចប់) ម៉ូតូ០២គ្រឿង រថយន្ត០១គ្រឿង ជញ្ជីងអេឡិចត្រូនុច០២គ្រឿង ទូរស័ព្ទដៃ០៧គ្រឿង អាវុកែច្នៃ (កាំភ្លេីងខ្យល់) ០២ដេីម។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់បន្ដតាមនីតិវិធី៕