(ភ្នំពេញ)៖ រថភ្លើងដឹកអ្នកដំណើរចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងចាប់ផ្តើមដាក់ឲ្យដំណើរជាបណ្តោះអាសន្ននាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះហើយ។ ពិធីដាក់ឲ្យដំណើរការសមិទ្ធផលដែលមិនធ្លាប់មាននៅកម្ពុជាមុនពេលចូលឆ្នាំថ្មីនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការដាក់ឲ្យដំណើររថភ្លើងនេះមិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់អ្នកត្រូវឡើងយន្តហោះប៉ុណ្ណោះទេ អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកដែលធ្វើដំណើរទាំងអស់ត្រូវបានត្រួតពិនិត្យទំនិញនៅស្ថានីយរថភ្លើងជាមុន ហើយមិនបាច់ទៅត្រួតពិនិត្យនៅអាកាសយានដ្ឋានទៀតនោះឡើយ។

យោងតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានសហការជាមួយអាកាសចរណ៍ស៊ីវិលរៀបចំឲ្យមានបញ្ជរសម្រាប់ត្រួតពិនិត្យទំនិញរបស់អ្នកដំណើរដែលត្រូវឡើងយន្តហោះ ឬ Check In នៅស្ថានីយរថភ្លើងតែម្តង ពោលរាល់អ្នកដំណើរមិនបាច់ចំណាយពេលទៅត្រួតពិនិត្យ ឬ Check In នៅព្រលានយន្តហោះទៀតនោះឡើយ។ ប្រការនេះ នឹងធ្វើឲ្យអ្នកដំណើរកាន់តែងាយស្រួលមួយកម្រិតថែមទៀត។

សូមបញ្ជាក់ថា រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំណាយពេលប្រមាណ៣០នាទី និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់។ នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ ហើយប្រជាពលរដ្ឋដែលរស់នៅក្បែរព្រលានយន្តហោះ ហើយចង់ឡើងមករាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានសុទិដ្ឋិនិយមថា ជាមួយនឹងការដឹកជញ្ជូនថ្មីតាមផ្លូវដែកនេះ នឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភពីបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរនោះឡើយ។

សម្រាប់ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ អ្នកដំណើរអាចធ្វើដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨៕